គម្រោង​វិនិយោគ​ថ្មី៧ គិត​ជា​ទឹកប្រាក់ ៨០លាន​ដុល្លារ​ត្រូវបាន​អនុម័ត​ឲ្យ​ដំណើរការ

ហៃ សិរី

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី០៧ ខែវិច្ឆិកា​នេះ បាន​បញ្ជាក់ថា ខ្លួន​បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន ៧ ដើម្បី​វិនិយោគ​លើ​គម្រោង​បើក​រោងចក្រ សណ្ឋាគារ និង​កសិដ្ឋាន​ចំនួន​៧គ្រោង​ថ្មី​ទៀត​ដែល​សរុប​ទុនវិនិយោគ​មាន​ជាង៨០លាន​ដុល្លារ​អាមេរិក។

 

គម្រោង​ដែល​ត្រូវបាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​របស់ CDC សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ព្រមទាំង​ផ្ដល់​ការងារ​ជាច្រើន​កន្លែង​នោះ​រួមមាន៖ ទី១-ក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD៖ គម្រោ​ង​​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ-ឧស្សាហកម្ម (ដាំ​កៅស៊ូ) និង​រោងចក្រ​កែច្នៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី មាន​ទុនវិនិយោគ​ប្រមាណ ៤៣.៦៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​១,១៤០កន្លែង។

ទី២-ក្រុមហ៊ុន TJN PROPERTIES CO.,LTD: គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ ចំនួន​២៣០​បន្ទប់ និង​រី​សត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិ​យោគ​ចំនួន ១៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន៣១៥កន្លែង។

ទី៣-ក្រុមហ៊ុន ASIAN DI YI DIAN LAN CO.,LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែ​អគ្គិសនី​គ្រប់​ប្រភេទ ដែល​មាន​​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​រការ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២.០៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន១៣៣កន្លែង។

ទី៤-ក្រុមហ៊ុន GRAND PRODUCTION CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ ដែល​មាន​​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤ ភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣.៤២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ២៤៩កន្លែង។

ទី៥-ក្រុមហ៊ុន CREDSTAR WASHING & PROCESSING CO.,LTD: គម្រោង​បង្កើត​រោងចក្រ​បោកគក់ និង​ជ្រលក់​​ពណ៌ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣ ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និ​ពា្វ​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២.១០លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ១៨៤កន្លែង។

ទី៦-ក្រុមហ៊ុន PCAM BEVERAGE CO.,LTD: គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ភេសជ្ជៈ និង​ទឹកបរិសុទ្ធ ដែល​មាន​​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ (អតីត​ខណ្ឌ​ព្រែក​ព្នៅ) រាជធានី​ភ្នំ​ពេញ មាន​ទុនវិនិយោគ​ប្រមាណ ១១.៦០លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ៤២០កន្លែង។

និង​ទី៧-ក្រុមហ៊ុន Y SENG CO.,LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២.២៨លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​​ការងារ​បាន៣១២កន្លែង (គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ឯកភាព​ឱ្យ​ធ្វើ​​ការ​វិនិយោគ តែ​ពុំមាន​ការលើកទឹកចិត្ត)៕