
ហៃ សិរី
ភ្នំពេញ៖ គិតត្រឹមរយៈពេល៩ខែដំបូងឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានចំនួន៣១៨៦.៤លានដុល្លារ ដោយកើនឡើង៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧កន្លងទៅ។ នេះបើតាមរបាយការណ៍ពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិករបស់ការិយាល័យស្ថិតិ នៃក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញនៅថ្ងៃទី ០៧ វិច្ឆិកានេះ។
តាមរបាយការណ៍បានបង្ហាញថា រយៈពេលខែ៩ ចាប់ពីខែមករា ដល់ខែកញ្ញា ការនាំចេញរបស់កម្ពុជាទៅអាមេរិក មានចំនួន២,៨៦៤.២លានដុល្លារកើនឡើង២៧ភាគរយ។ ខណៈដែលអាមេរិកនាំចេញមកកម្ពុជាវិញ មានចំនួន៣២២.២លានដុល្លារអាមេរិក កើតឡើង១២ភាគរយ។
កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានជាង៣.៤ពាន់លានដុល្លារអាមេរិក ក្នុងកម្ពុជានាំចេញទៅអាមេរិកមានជាង៣ពាន់លានដុល្លារ ខណៈនាំចេញចូលមកម្ពុជាមានជាង៤០០លានដុល្លារ។ ផលិតដែលកម្ពុជានាំចេញទៅអាមេរិកភាគច្រើនជាងសម្លៀកបំពាក់ ខណៈកម្ពុជានាំចូលពីអាមេរិកវិញ ភាគច្រើនជាយានយន្ត គ្រឿងចក្រ និងគ្រឿងបរិក្ខាពេទ្យជាដើម។
ក្រសួងពាណិជ្ជកម្ម កាលពីខែមេសា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក របស់លោកប្រធាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល៣ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០ ដល់កម្ពុជា បន្ទាប់ពីកម្មវិធីនេះ បានបញ្ចប់កាលពីចុងឆ្នាំ២០១៧នេះ៕