អ្នកជំនាញ​រួមគ្នា​ពិភាក្សា​ពី​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា

ហៃ សិរី

ភ្នំពេញ៖ អ្នកជំនាញ​ជាតិ-អន្ដរជាតិ នៅ​ថ្ងៃទី ០៨ វិច្ឆិកា​នេះ បាន​ជួបប្រជុំគ្នា​ពិភាក្សា​លើ​ប្រធានបទ​មួយ​ស្ដីពី​ការ​ប្រើ​ប្រាស់​​គម្រោង​ថាមពល ពន្លឺព្រះអាទិត្យ និង​ខ្យល់ (Inspire Asean) ដើម្បី​សម្រួល​ដល់​ការរីកចម្រើន​នៃ​ទីផ្សារ​ថាម​ពល​​នៅ​កម្ពុជា។

កិច្ចប្រជុំ​នេះ ដោយ​ផ្ដោតលើ​គម្រោង Inspire Asean ដើម្បី​ជជែក​ពិភាក្សា​រវាង​អ្នកជំនាញ​ជាតិ-អន្ដរជាតិ​ធ្វើយ៉ាងណា​ជំរុ​ញ​​ការផ្សារភ្ជាប់​ផ្នែក​ឧ​ស្សហកម្ម បណ្ដុះ​ផ្នត់គំនិត​ទៅរក​ការផ្លាស់ប្ដូរ ទៅរក​ការប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អា​ទិ​ត្យ​។

គម្រោង Inspire Asean នេះ​ផ្ដោត​សំខាន់​លើ​យុទ្ធនាការ សប្តាហ៍​នៃ​ថាមពល​ស្អាត (Clean Energy Week Cambodia) ដែល​ត្រូវបាន​អនុវត្ត​ចាត់​តាំងពី​ថ្ងៃទី០១-០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុង​ប្រទេស​កម្ពុជា។

 

លោក Tassilo Brinzer នាយក​ប្រតិបត្តិ​ទស្សនា​វ​ដ្តី Globe Media Asia បានបង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម ចំពោះ​ទស្ស​នវិស័យ​នៃ​ការកកើត និង​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា។

 

លោក​បន្ដថា «នេះ​ជា​លើកដំបូង​សម្រាប់​កម្ពុជា ដែល​លើកយក​ប្រធានបទ​នេះ មក​វែកញែក​ជា​សាធារណៈ តាមរយៈ​ការ​រៀបចំ​កម្ម​ពិធី Clean Energy Week Cambodia ពេញ​មួយ​សប្តាហ៍​នៅ​ទីក្រុង​ភ្នំពេញ។ សន្និសីទ​ស្តីពី​គម្រោង Inspire Asean មាន​មហិច្ឆតា​ខ្ពស់​ក្នុងការ​លើកកម្ពស់ ការប្រើប្រាស់ និង​ព​ន្លឿ​ន​ការលូតលាស់ ផ្នែក​ថាមពល​នៅ​កម្ពុជា​​នាពេល​អនាគត»។

លោក​បន្ដទៀតថា ការកកើត​ឡើងវិញ​នៃ​ថាមពល​នេះ នឹង​ជំរុញ​ឲ្យ​កំណើនសេដ្ឋកិច្ច ព្រមទាំង​ព​ន្លឿ​ន​ផ្នែក​ឧស្សាហកម្ម នៅ​​កម្ពុជា​ផងដែរ។ លោក​ថា សន្និសីទ​នេះ​នឹង​អាច​បំផុសគំនិត​មនុស្ស​កាន់​តែ​ច្រើន យកចិត្តទុកដាក់​លើ​វិស័យនេះ ព្រម​ទាំង​ការធ្វើ​អាជីវកម្ម​ថាមពល​ផងដែរ។

គួ​រ​បញ្ជាក់ថា គម្រោង Inspire Asean ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ Clean Energy Week លើកដំបូង​នៅ​កម្ពុជា បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន EnergyLab និង​ទទួល​រ៉ាប់រង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Globe Media Asia និង​រួម​សហការ​ជា​ដៃគូរ​ជាមួយ​ក្រុមហ៊ុន CominAsia៕