រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​អំពាវនាវ​ឱ្យ​កសិករ​ដាំ​ដំណាំ​បន្លែ​កុំ​ប្រើប្រាស់​ថ្នាំ​គីមី

ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ឱ្យ​កសិករ​​ទាំង​អស់​​យកចិត្ត​ទុកដាក់​ដាំ​ដំណាំ​បន្លែ​ដែលមាន​សុវត្ថិភាព ពោលគឺ​បន្លែ​ដែល​គ្មាន​សារធាតុ​គីមី ដើម្បី​លើកកម្ពស់​សុវត្ថិ​ភាព​​បន្លែ​សម្រាប់​ទីផ្សារ​នៅក្នុង​ខេត្ត និង​នៅក្នុង​ប្រទេស​កម្ពុជា។

ការអំពាវនាវ​នេះ នៅក្នុង​ពិធី​ចែក​គោ​ចិញ្ចឹម​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង ព្រមទាំង​បានធ្វើការ​ផ្សព្វផ្សាយ​ផលិ​ត​ផល​បន្លែ​គ្មាន​សារធាតុ​គីមី ស្ថិតក្នុង​ភូមិ​ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នេះ​ជា​គម្រោង​របស់​​រដ្ឋបាល​ខេត្ត​ធ្វើការ​អភិវឌ្ឍ​ដី​សម្បទាន​សង្គមកិច្ច និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហការ​ជាមួយ​អង្គការ មូស្លីម​អេ​ត​ប្រចាំ​នៅ​​កម្ពុជា​កាលពី​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

លោក វេ​ង សាខុន មានប្រសាសន៍ថា បន្លែ​ដែល​គ្មាន​សារធាតុ​គីមី គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ផ្សព្វផ្សាយ​កសិផល​ដែល​ប្រជាកសិករ​ផលិត​បាន​ប្រកបដោយ​សុវត្ថិភាព​អនាម័យ​ល្អ​តាម​ស្តង់ដារ និង​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុខ​ភាព​​អ្នក​បរិភោគ។ ម្យ៉ាងវិញទៀត​យើង​រៀបចំ​ទីផ្សារ​ឱ្យមាន​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព គឺ​ដើម្បី​ផ្តល់ឱកាស​ឱ្យមាន​ការជួប​ជុំគ្នា​រវាង​ផលិតករ កសិករ ដៃគូ​អភិវឌ្ឍន៍​អ្នកពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ក្នុងការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍ មតិ​យោបល់​នានា ក្នុង​គោលដៅ​រួមគ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ដែល​កើតមានឡើង​កន្លងមក សម្រាប់​រៀបចំ​ផែន​ការ​​យុទ្ធសាស្ត្រ ដើម្បី​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​ទៅនឹង​កត្តា​ប្រឈម​នានា។

លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​សភាពាណិជ្ជកម្ម​ខេត្ត មន្ទីរ-អង្គ​ភាព​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​នានា ដើម្បី​ស្វែងរក​ទីផ្សារ​កសិផល ពង្រឹងគុណភាព​ទំនិញ​កសិកម្ម ការធ្វើ​ទំនើបកម្ម បច្ចេកទេស​កសិកម្ម ព្រមទាំង​វិធានការ​បង្ការ​គ្រោះមហន្តរាយ​នៃ​ជំងឺ​សត្វ ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ និង​យន្តការ​ដទៃ​ទៀត​។ ត្រូវ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​មុខជំនាញ​បច្ចេកទេសថ្មីៗដល់​កសិករ ផលិតករ ពី​ការជ្រើសរើស​ពូជ ការ​ប្រើ​ប្រាស់​​ជី​កសិកម្ម ថ្នាំ​កសិកម្ម​ឱ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេក ទេស តាម​ស្តង់ដារ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ។ ជា​ពិសេស​ត្រូវ​រៀបចំ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​ងាយស្រួល​ក្នុងការ​បណ្តុះបណ្តាល និង​ត្រូវ​បង្កើន​គុណ​តម្លៃ និង​និរន្តរភាព បរិមាណ​ផលិតផល ប្រកបដោយ​គុណភាព សុវត្ថិភាព ស្តង់ដារ​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​ស្រុក និង​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ជាពិសេស​កាត់បន្ថយ​ការនាំ​ចូល ផលិតផល​ពី​ប្រទេសជិតខាង។

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា ការរៀបចំ​ដាក់តាំង​លក់​បន្លែ​នៅលើ​ទីផ្សារ ក្នុង​គោល​ដៅ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​កម្រិត​ជីវភាព​របស់​ប្រជាកសិករ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​ធានា​សុវត្ថិភាព​ក្នុងការ​បរិភោគ​បន្លែ​ប្រចាំថ្ងៃ ព្រមទាំង​ទទួលបាន​សុខភាព​ល្អ។

លោ​ក​បាន​បន្តថា សុខភាព​គឺជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់រូប​ដែល​ត្រូវតែ​ធ្វើការ​យកចិត្តទុកដាក់​បំផុត ជាពិសេស​ការបរិភោគ​បន្លែ​ឆៅ ហើយ​ត្រូវ​នៅស្រស់ៗ ខុសពី​ដំណាំ​ស្រូវ អង្ករ ពោត សណ្ដែក ស្វាយចន្ទី ដែល​អាច​ទុក​បាន​រយៈ​ពេល​យូរ​ជាង​ដំណាំ​បន្លែ។

លោ​ក​បាន​ណែនាំ​ឱ្យ​បងប្អូន​ប្រជាកសិករ​យកចិត្តទុកដាក់​លើ​ការដាំ​បន្លែ​គ្មាន​សារធាតុ​គីមី ហើយ​ឥឡូវនេះ​មន្ទីរ​កសិកម្ម​ខេត្ត​កំពុង​រៀបចំ​បង្កើត​ទីផ្សា​រ​បន្លែ​សុវត្ថិភាព ឱ្យ​ប្រជាកសិករ​លក់ដូរ និង​ដាក់​តាំងនូវ​ផលិតផល​កសិកម្ម បន្លែ​រួមផ្សំ​គ្រប់​ប្រភេទ ដែល​គ្មាន​សារធាតុ​គីមី ធ្វើឱ្យ​បងប្អូន​អាច​រកប្រាក់​ចំណូល និង​ជួយ​សម្រួល​ដល់​ជីវភាព​នៅតាម​សហគមន៍ ឱ្យ​មាន​​ជីវភាព​ប្រសើរ​ជាង​មុន៕

ហៃ សិរី