ក្រុមហ៊ុនបរទេសមួយ ចង់ទិញភាគហ៊ុនសាលា វេសឡាញ ប៉ុន្ដែអគ្គនាយកបដិសេធលក់ភាគហ៊ុន

ភ្នំពេញ៖ ក្រុមហ៊ុន វេសឡាញ អីធ្យូខេសិនគ្រុប(Westline Education Group)ដែលកំពុង​​វិនិយោគ​លើ​សាលា​ចំណេះ​ដឹង​​​ទូ​ទៅហៅថា Westline ត្រូវបានក្រុមហ៊ុនអប់រំធំពីរ​មកពីក្រៅ​ប្រ​ទេ​​សបានចចារ និងចង់ទិញភាគហ៊ុន ៧០ភាគ​រយ​ពី​សា​​លា វេសឡាញ ប៉ុន្ដែអគ្គនាយកក្រុមហ៊ុន វេសឡាញ បានបដិសេធការលក់ភាគហ៊ុនសាលា​ឲ្យទៅអ្នក​ផ្សេង​វិញ​។

លោក ប៉ិច ប៉ូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អីធ្យូខេសិនគ្រុប(Westline Education Group)ដែល​វិនិយោគ​លើ​សាលា​ចំណេះដឹង​ទូទៅ Westline បាន​បញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន​​ថា អំឡុងពេលចុងឆ្នាំ២០១៩ និង​ដើ​ម​ឆ្នាំ២០២០នេះ រហូតដ​ល់អំឡុងពេលកូវីដ១៩ក៏ដោយ ក្រុមហ៊ុនអប់រំធំពីរ​មកពីក្រៅ​ប្រ​ទេ​​សបានចចារ និងចង់ទិញភា​គ​ហ៊ុ​ន៧០ភាគរយពីក្រុមហ៊ុន Westline Education Group Co., Ltd. ​​ក្នុងត​ម្លៃ​​ខ្ព​​ស់មួយសម្រាប់លោក និងម្ចា​ស់​ភា​គហ៊ុនទាំងអស់។

លោកបញ្ជាក់ថា៖ «បើយើងលក់ ខ្ញុំនិងម្ចាស់ភាគហ៊ុនកម្ពុជានឹងទទួលបានប្រាក់រាប់លានដុល្លារ ទទួលបានផល​ត្រលប់​សង​គុណ​នឹង ១៥​ទៅ ​២០ដង​នៃប្រា​ក់វិនិយោគក្នុងអំឡុងពេល ១២ឆ្នាំនេះ តែយើងសម្រេចចិត្តមិនលក់ក្នុងពេលនេះ ពីព្រោះ​យើ​ង​ចង់រក្សាអ​ភិ​វឌ្ឍ​​ប្រព័ន្ធអប់រំមួយ​នេះឲ្យនៅជារបស់ប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា រក្សាគុណ​តម្លៃ​ស្នូល​នៃ​កម្មវិ​ធីអ​ប់​រំជាតិ។

លោកបន្ថែមថា៖«វាក៏ជា​គម្រូ​នៃ​សា​លារៀនឯកជនមួយចំនួនដែលចង់រៀនសូត្រពីយើង និងជាពិសេសសយើង​ចង់ឲ្យបុគ្គ​លិក គ្រូបង្រៀន និងអ្ន​កអា​ណា​ព្យា​បាល​​របស់​យើងទាំងអស់អាចក្លាយជាម្ចាស់ភាគហ៊ុនរបស់បណ្តាញសាលារៀន និង​ក្រុម​ហ៊ុនយើង​សិន»។

គួររំឭកថា បច្ចុប្បន្នក្រុមហ៊ុន Westline Education Group មានសាខាចំនួន​១៦ស្ថិតនៅ​ក្រោមការ​របស់ខ្លួន ក្នុងនោះ​មា​ន ១៣សា​ខា ជាសាលារៀន​ដែលមាន​សាលារៀន Westline ចំនួន​ ១០សាខា សាលារៀន Northline ចំនួន១សាខា សាលាអន្តរជាតិ Forest hill ចំនួន១សាខា និងសាលារៀន​អន្តរជាតិ Appletree ចំនួន១សាខា។ ដោយឡែក ៣សា​ខា​ទៀតមានជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល៕