ក្រុមហ៊ុនកសិកម្ម ២ ចុះកិច្ចសន្យាទិញ លក់ និងចែកចាយផលិតផលកសិកម្មជាមួយគ្នា

ភ្នំពេញ៖ ក្រុមហ៊ុន លី​លី ហ្វ៊ូ​ត លី​លី ខា​មេ​ដា និង​ក្រុម​ផលិត ផ្គត់ផ្គង់ ចែកចាយ​ផលិតផល​កសិកម្ម​មួយ បាន​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តីពី«ការទិញ លក់ ចែកចាយ​ផលិតផល​កសិកម្ម» ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​កែច្នៃ​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ចេញពី​ផលិតផល​កសិកម្ម​ដែល​កំពុងមាន​សក្តានុពល​ឱ្យបាន​កាន់តែ​ច្រើនឡើង​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​នាំចេញ។

លោកស្រី​ឧកញ៉ា កែវ មុំ នាយក​ក្រុមហ៊ុន លី​លី ហ្វ៊ូ​ត លី​លី ខា​មេ​ដា បាន​ថ្លែងថា ថ្មីៗនេះ ដោយសារ​អង្គរ​កម្ពុជា​ជាប់​លំដាប់ថ្នាក់​លេខ១ បាន​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន “ខា​មេ​ដា” មក​ចូលរួម​សហការ​វិនិយោគ​ផលិត​នំ​ស្រួយ​ដោយ​ប្រើ​អង្ករ​ខ្មែរ រួច​ធ្វើការ​នាំចេញ​ទៅកាន់​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់។ រៀងរាល់ឆ្នាំ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ជា​អង្ករ ពោត និង​ដំឡូង​មី​សរុប​ចំនួន ៤០០០តោន ដោយឡែក​ក្រុម ហ៊ុន លី​លី​ខា​មេ​ដា ប្រើ​អង្ករ ៣០០០តោន។

លោកស្រី​បញ្ជាក់ថា កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​បាន​ជួយ​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​កែច្នៃ​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ចេញពី​ផលិតផល​កសិកម្ម​ដែល​កំពុងមាន​សក្តានុពល​ឱ្យបាន​កាន់តែ​ច្រើនឡើង​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​នាំចេញ ក្នុងទិសដៅ​ចំបង​គឺ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម ប្រើប្រាស់​វត្ថុធាតុដើម​ឱ្យអស់​លទ្ធភាព កាត់ បន្ថយ​ការនាំ​ចូល ផ្តល់ឱកាស​ដល់​ប្រជាកសិករ​ដែលជា​អ្នក​ផលិត​វត្ថុធាតុដើម និង​បង្កើត​ការងារ។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​នៅ​ថ្ងៃទី២៥ ខែមិថុនា​ថា ការចូលរួម​យ៉ាងសកម្ម​ពី​ដៃគូ​ឯកជន គឺ​ប្រាកដ​បាន​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​តាមរយ:ការបន្ត​ជំរុញ​ការធ្វើ​ពា​ណិ​ជ្ជូ​ប​នីយកម្ម និង​ការអភិវឌ្ឍ​វិស័យ​ក​សិ-ឧស្សាហកម្ម​ដែល​នឹង​ជួយ​បង្កើន​តម្លៃ បន្ថែម​លើ​កសិផល រក្សា​និរន្តរភាព​នៃ​ការផលិត ការផ្គត់ផ្គង់ និង​បន្ត​ចូលរួម​បង្កើន​ចំណូល​ដល់​គ្រួសារ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥ គឺ​ត្រូវ​ជំរុញ​ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យបាន១២% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ២០២៥ និង​ជាពិសេស​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម “២០១៩-២០២៣។

លោក​បន្តថា ក្នុង​កាល:ទេស:ដែល​កម្ពុជា​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ-១៩ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កំពុង​តែ​យកចិត្តទុកដាក់​ជំរុញ និង​លើកទឹកចិត្ត​ដល់​ដំណើរការ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត តាមរយ:ពង្រឹង​បរិយាកាស​វិនិយោគ​ឱ្យបាន ល្អប្រសើរ​ដើម្បី​ស្រូបយក​កំលាំង​ពលកម្ម ផ្តល់ប្រាក់​ចំណូល និង​ប្រើប្រាស់​វត្ថុធាតុដើម​កសិក​ម្ម។

ជាក់ស្តែង ការប្រើប្រាស់​ផលិតផល​កសិកម្ម​បាន​និង​កំពុង​ក្លាយជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់​ក្នុង​ការជួយ​ជំរុញឱ្យមាន​ការផ្លាស់ប្ដូ​រ​ជា​វិជ្ជមាន​នូវ​ឥរិយាបទ​ផលិត​ពី​ការផលិត​ដើម្បី​ហូបចុក​ក្នុង​គ្រួសារ មក​ផលិត​ដើម្បី​ទីផ្សារ​ដែល​ត្រូវ​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​បរិមាណ​ផ្គត់ផ្គង់ ស្តង់ដារ​ផលិត គុណភាព សុវត្ថិភាព និង​ស្ថិរភាព​តម្លៃ ដែល​គ្រប់​និន្នាការ​ទាំងអស់នេះ​ប្រាកដជា​នឹង​ចូល រួម​ធ្វើឱ្យ​ប្រសើរឡើង​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន និង ន​វារ​នុ​វត្ត​ន៍ ក្នុង​បរិបទ​នៃ​ដំណើរ​ឆ្ពោះទៅ​សម្រេច​ក្ខុ​វិស័យ​របស់​រា​ជ​រដ្ឋាភិបាល។

លោក​បន្ថែមថា ពិធី​នា​ថ្ងៃនេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រួមគ្នា ឆ្លើយ​ត​នឹង​អភិក្រម “រដ្ឋ- ឯកជន-ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍” ដែលជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ឈានទៅ​បន្ត​អនុវត្ត​កិច្ចសន្យា​នេះ​ឱ្យបាន​ទូលំទូលាយ​គ្រប់ផ្នែក​នៃ​វិស័យ​កសិកម្ម។ ជាក់ស្តែង មកទល់​ពេល នេះ វិស័យ​ឯកជន​បាន​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ជាមួយ​នាយកដ្ឋាន​ក​សិ-ឧស្សាហកម្ម​ក្នុង​ឆ្នាំ២០១៩ សរុប​ចំនួន ៤៩៨ ហើយ​គ្រាន់តែ ៦ខែ​ដើមឆ្នាំ២០២០នេះ យើង​បាន​ចុះកិច្ចសន្យា​ចំនួន ៥១៦ករណី ដូចដែល​បាន​រាយការណ៍​ដោយ​លោក គង់ ភា​ជ ប្រធាន​នាយកដ្ឋាន​ក​សិ-ឧស្សាហ​កមម្ម៕