
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយលោក កាន់ដា យូហ្គោ ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងក្រុមការងារ នៅការិយាល័យណ័រផាក។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ធ្វើឡើងក្នុងគោលបំណងពិភាក្សាស្វែងរកវិធានការសំខាន់ក្នុងការទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតមកកម្ពុជា ជាពិសេសក្នុងអំឡុង កូវីដ-១៩។
ជាងនេះទៀត ជំនួបនេះដែរ ត្រូវបានរៀបចំឡើងតបតាមការស្នើសុំពីលោក កាន់ដា យូហ្គោ ដើម្បីសម្ដែងការគួរសមក្នុងនាមរូបលោកត្រូវបានជ្រើសរើសជាប្រធានថ្មីនៃសមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងដើម្បីពិភាក្សាស្វែងរកវិធានការសំខាន់ក្នុងការទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតមកកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការប្រឈមនឹងផលប៉ះពាល់នៃជំងឺរាតត្បាតជាសកលកូវីដ-១៩ នៅទូទាំងពិភពលោក។
គួរជម្រាបផងដែរថា សភាពាណិជ្ជកម្មកម្ពុជា និង សមាគមធុរកិច្ចជប៉ុននៅកម្ពុជា បានចុះអនុស្សារណៈយោគយល់ជាមួយគ្នា កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងពង្រឹងទំនាក់ទំនងធុរកិច្ចសម្រាប់វិស័យឯកជន។ នៅក្នុងជំនួបនេះផងដែរ អ្នកឧកញ៉ា និងលោក កាន់ដា យូហ្គា ក៏បានពិភាក្សាលើចំណុចសំខាន់ៗចំនួន៣ដូចខាងក្រោម៖
• ការបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិងស្ថាប័ន ជាពិសេស រវាងសមាជិកនិងសមាជិក ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។
• កិច្ចសហការលើវិស័យធុរកិច្ចឌីជីថល ដើម្បីជំរុញឱ្យទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពទ្វេរដង។ និង
• ការចុះញត្តិរួមគ្នារវាងស្ថាប័នទាំងពីរ ដើម្បីស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន បន្តប្រតិបត្តិការនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ វប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជា-ជប៉ុន ៕