សម្តេច ហ៊ុន សែន៖ ប្រជាជនខ្មែរនៅមានលទ្ធភាពទិញផ្ទះ ទោះបីមានវិបត្តិកូវីដ១៩

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា អាជីវកម្មអចលនទ្រព្យនៅតែដំណើរការជាធម្មតានៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋ នៅតែមានលទ្ធភាពទិញលំនៅឋាន នៅតាមគម្រោងសាងសង់លំនៅឋាននានា បើទោះជាមានការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច ដែលបានបង្ហោះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា នេះបានសរសេរថា ទោះបីជាបញ្ហាជំងឺកូវីដ-១៩ បានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែឃើញថាបងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងប្រទេសកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងក្នុងមុខរបររបស់ខ្លួនជាធម្មតា។

ក្នុងនោះអាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប shophouse កំពុងតែពេញនិយមសម្រាប់ការធ្វើអាជីវកម្មមានពេលបច្ចុប្បន្នផងដែរ។


សម្តេច ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនធំៗ ដែលសម្តេចបានជួប បានលើកឡើងថា ការលក់គម្រោងលំនៅឋាននានា នៅតែមាន គ្រាន់តែមានចំនួនតិចជាងមុនបន្តិចប៉ុណ្ណោះ ដែលនេះ បានឆ្លុះបញ្ចាំងថាប្រជាជនខ្មែរនៅមានលទ្ធភាពទិញផ្ទះ ទោះបីមានវិបត្តិកូវីដ១៩។

អ្នកជំនាញក្នុងវិស័យអចលទ្រព្យបានឲ្យដឹងថា ក្នុងដំណាក់កាលកូវីដ ១៩ គឺជាពេលវេលាល្អសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែតម្លៃនៅសមរម្យល្អ ចំណែកឯការលក់ចេញវិញនឹងចំណេញដោយស្វ័យប្រវត្តិ បន្ទាប់ពីស្ថានភាពកូវីដ ១៩ គ្រាន់បើឡើងវិញ។ នេះបើយោងតាម ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Appraisal Foundation (KFA) ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានក្នុងស្រុកជុំវិញប្រធានបទ៖ «វិស័យអចលនទ្រព្យកម្ពុជា មុនពេល ក្នុងពេល និងក្រោយពេលជំងឺកូវីដ១៩» កាលពីពេលថ្មីៗនេះ។

លោកឧកញ៉ា បានឲ្យដឹងថា វិបត្តិកូវីដនេះមិនមែនជាវិបត្តិមួយដែលអូសបន្លាយយូរទេ ដូច្នេះអ្នកវិនិយោគត្រូវតែត្រៀមរួចជាស្រេចទាំងស្មារតី ទាំងសមត្ថភាព និងលទ្ធភាព ដើម្បីបន្តការវិនិយោគលើវិស័យអចលនទ្រព្យនេះបន្តទៀត។
គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស៊ីវិលបានបង្ហាញថាក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២០ ការវិនិយោគក្នុងវិស័យសំណង់រក្សាបាននូវភាពរឹងមាំដោយគម្រោងចំនួន ៧២៨ ត្រូវបានអនុញ្ញាតជាមួយទុនវិនិយោគសរុបជិត២ពាន់ លានដុល្លារ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩​ចំនួននេះមានការកើនឡើងរហូតទៅ ដល់ ៤៧​%៕