ត្រឹម១ខែមិថុនាសោះ! មានភ្ញៀវទេសចរដើរកំសាន្តក្នុងស្រុករហូតជាង ៦៤ម៉ឺននាក់

(ភ្នំពេញ)៖ សម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនសរុប ៦៤២,២២៦នាក់ កើនឡើង ០.៨៧% ធៀបនឹងខែឧសភា ឆ្នាំ២០២០ ក្នុងនោមានភ្ញៀវជាតិ ៦២៦,៩៦១នាក់ កើនឡើង ០.៤១% និងភ្ញៀវបរទេសមាន ១៥,២៦៥នាក់ កើនឡើង ២៤.៣%។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ជាការកត់សម្គាល់ ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅបន្តជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន ក្នុងរង្វង់ ៥០% នៃទេសចរផ្ទៃក្នុងសរុប។

ក្រៅពីនោះ តំបន់ពាយព្យ (បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ) បានទាក់ទាញភ្ញៀវទេសចរប្រមាណ ២០% នៃទេសចរផ្ទៃក្នុងសរុប។ រីឯតំបន់ឦសាន្ត (ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី) ទទួលបានភ្ញៀវទេសចរ ៧.៤១% នៃទេសចរផ្ទៃក្នុងសរុប។

ចំពោះការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងី Covid 19 ក្រុមការងារបានសង្កេតឃើញថា រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ភោជនិយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ភាគច្រើន បានកំពុងប្រឹងប្រែងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលបានដាក់ចេញ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានណែនាំយ៉ាងម៉ឺងមាត់ដល់មន្ទីរទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសារាចរណែនាំលេខ ០០៤ សរណន ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវចុះផ្សព្វផ្សាយណែនាំជាប្រចាំដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអនុវត្តន៍តាមវិធានសុវត្ថិភាពទេសចរណ៍។

យ៉ាងណាមិញ លោករដ្ឋមន្រី្តក្រសួងទេសចរណ៍ក៏បានរំលឹកថា វិធានសុវត្ថិភាពទេសចរណ៍ត្រូវបានដាក់ឲ្យអនុវត្តន៍ជាកាតព្វកិច្ច និងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍តាមប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ៕