
ភ្នំពេញ: ប្រទេសកម្ពុជា និងថៃ បាននិងកំពុងពិភាក្សាពីលទ្ធភាពបើកច្រកព្រំដែនអន្ដរជាតិសំខាន់ៗឡើងវិញ ដែលស្ថិតបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីទម្លាយភាពជាប់គាំងផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីវិធានការណ៍រឹតបន្តឹងការធ្វើដំណើរចេញចូលក្នុងការបង្ការការរីករាលដាលនៃជម្ងឺកូវីត១។
កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពីរថ្ងៃទី៣០ ខែមិថុនា រវាងប្រតិភូកម្ពុជាដឹកនាំដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងប្រតិភូធុរជនថៃ ដឹកនាំដោយលោក ឆានីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងទីក្រុងបាងកក ប្រទេសថៃ។
តាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានឲ្យដឹងពីម្សិលមិញថា នៅក្នុងជំនួបនោះ គណៈប្រតិភូទាំងគ្រោងលើកសំណើទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ ដើម្បីបើកច្រកអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក ដែលស្ថិតចន្លោះព្រំទល់ខេត្តបន្ទាយមានជ័យ(កម្ពុជា) និងខេត្តស្រះកែវ(ថៃឡង់ដ៏)សម្រាប់ភ្ញៀវទេសចរកម្ពុជា ដែលត្រូវការមកពិនិត្យជម្ងឺនៅក្នុងប្រទេសថៃ និងធុរជនថៃ ដែលត្រូវការចូលទៅវិនិយោគនៅកម្ពុជា ដោយមានកំណត់ចំនួនក្នុងមួយថ្ងៃ។
ស្ថានទូតកម្ពុជាបន្តថា ប្រសិនបើគម្រោងខាងលើទទួលបានជោគជ័យ ភាគីទាំងពីរនឹងដាក់សំណើរទៅកាន់ប្រមុខរដ្ឋាភិបាល ដើម្បីសុំបើកច្រកអន្តរជាតិផ្សេងៗទៀតមានដូចជា ច្រកអន្តរជាតិអូរស្មាច់ (ខេត្តឧត្តរមានជ័យ) និងចុងជាំ (ខេត្តសុរិន្ទ), ច្រកអន្តរជាតិដូង (បាត់ដំបង) និងបានឡែម (ច័ន្ទបូរី), និងច្រកអន្តជាតិចាំយាម (កោះកុង) និងហាតឡេក (ត្រាត) ជាដើម។ល។ ដើម្បីជំរុញលំហូរទេសចរណ៍ និងពាណិជ្ជកម្មទេ្វភាគី សំដៅស្តារឡើងវិញនូវចរន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរឡើងវិញ។
តាមសារព័ត៌មាន XINHUANET បានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែមិថុនាដែលបានដកស្រង់សំដីមន្ត្រីម្នាក់នៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩(Center for COVID-19 Situation Administration(CCSA)) ដែលមានលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា(Prayut Chan-o-cha)ធ្វើជាប្រធានមជ្ឈមណ្ឌលនេះ។
សារព័ត៌មាន XINHUANET បានដកស្រង់សំដីលោក Thaweesilp Visanuyothin អ្នកនាំពាក្យ CCSA ឲ្យដឹងថា CCSA បានសម្រេចបើកច្រកព្រំដែនអន្តរជាតិចំនួន ៣៧ ច្រកដែលមានព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា, ឡាវ, កម្ពុជា និងម៉ាឡេស៊ី។ ដូច្នេះការដឹកជញ្ជូនទំនិញ ឬឥវ៉ាន់គ្រប់ប្រភេទ អាចដឹកជញ្ជូនដោះដូរ និងធ្វើពាណិជ្ជកម្មទៅវិញទៅមកដោយឆ្លងកាត់តាមច្រកព្រំដែនទាំង ៣៧កន្លែងបាន។ ក្នុងនោះបើកច្រកព្រំដែនចំនួន ១៤ ច្រកជាមួយប្រទេសឡាវ, មីយ៉ាន់ម៉ាចំនួន ៨ច្រក, កម្ពុជាមានចំនួន ៧ច្រក និង ៨ច្រក ជាមួយប្រទេសម៉ាឡេស៊ី។
យោងតាមទិន្ន័យពីក្រសួងពាណិជ្ជកម្មថៃ នៅក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រចបានទឹកប្រាក់ ៣,១ប៊ីលានដុល្លារ កើនឡើង ១៨,៣ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់ ៦៨៧លានដុល្លារ កើនឡើង ១០៦ភាគរយ ចំណែកការនាំចូលមានទឹកប្រាក់ ២,៤ប៊ីលានដុល្លារ កើនឡើង ៥,៦ភាគរយ៕