ក្រុមហ៊ុនថៃមួយ កំពុងសម្លឹងពីសក្ដានុពលក្រុងប៉ោយប៉ែត ធ្វើជាគោលដៅវិនិយោគដ៏សំខាន់របស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន SIAMMITSUI Co., Ltd របស់អ្នកវិនិយោគថៃ បាននិងកំពុងសម្លឹងពីសក្ដានុពលនៅតំបន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើជាគោលដៅវិនិយោគដ៏សំខាន់របស់ខ្លួន ដោយគ្រោងដឹកនាំប្រតិភូយុវពាណិជ្ជករថៃ ទៅទស្សនាកម្ពុជានាពេលខាងមុខ ដើម្បីស្វែងរកឱកាសចាប់ដៃគូធុរកិច្ចជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

មន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឲ្យដឹងនៅថ្ងៃទី ០១ខែកក្កដាថា លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានទទួលជួបប្រតិភូយុវពាណិជ្ជករថៃដឹកនាំដោយលោក ឆូវ៉ាណុន ក្លុងព្រីមឆីត (Chowanond Klungpremchit) អគ្គនាយកក្រុមហ៊ុន SIAMMITSUI Co., Ltd និងជាសមាជិកទី១ ប្រចាំវិទ្យាស្ថានប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគ នៃសភាពាណិជ្ជកម្មថៃ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានជម្រាបជូនលោក ឆូវ៉ាណុន ក្លុងព្រីមឆីត អំពីកំណើនសេដ្ឋកិច្ចកម្ពុជា កំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ សក្តានុពលតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត សម្រាប់គម្រោងថៃបូកមួយ និងវិស័យសំខាន់ៗដែលធុរជនថៃ អាចទាញយកប្រាក់ចំណេញខ្ពស់ពីការវិនិយោគ។

ជាការឆ្លើយតប លោក ឆូវ៉ាណុន ក្លុងព្រីមឆីត បានអរគុណ លោក អ៊ូក សោភ័ណ ដែលបានចែករំលែកនូវព័ត៌មានល្អៗអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា និងបានសន្យាដឹកនាំប្រតិភូយុវពាណិជ្ជករថៃ ទៅទស្សនាកម្ពុជានាពេលខាងមុខ ដើម្បីស្វែងរកឱកាសចាប់ដៃគូធុរកិច្ច ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

លោកបានសន្យាចុះពិនិត្យទីតាំងមួយចំនួននៅតំបន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការវិនិយោគបង្កើតរោងចក្រឧស្សាហកម្ម។ លោកបាននិងកំពុងរៀងចំក្រុមការងារចុះសិក្សាទីតាំងដែលមានសក្ដានុពលមួយចំនួនឆាប់ៗខាងមុននេះ៕