
ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងកម្ពុជា និងជប៉ុន គ្រោងនឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ ខណៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគីជាមួយប្រទេសដទៃទៀតនៅអាស៊ាន។
ការបង្ហាញនេះ នៅថ្ងៃទី២ ខែកក្កដា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជា។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានជម្រាបជូនពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី។ ដោយក្នុងនោះកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងកម្ពុជា និងជប៉ុន គ្រោងនឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។
មន្រ្តីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។
ដូចនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។
ជាមួយគ្នានេះ សមាគម JBAC បានទទួលយកសំណើរបស់ លោករដ្ឋមន្ត្រី ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅតែមានបំណងពង្រីក និងមកវិនិយោគបន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកកម្ពុជា៕