វិបត្តិកូវីដ 19 រ៉ាំរ៉ៃ ធ្វើឱ្យក្រុមហ៊ុនធំៗ និងម៉ាកយីហោល្បីៗជាច្រើននៅជុំវិញពិភពលោកប្រកាសបិទទ្វារ ក្ស័យធន និងកាត់បន្ថយបុគ្គលិក

ជំងឺកូវីដ 19 ដែលបានកើតឡើងតាំងពីចុងខែធ្នូ ឆ្នាំ 2019 រហូតមកដល់ពេលបច្ចុប្បន្នបានបន្តគម្រាមកំហែងដល់សុខភាព អាយុជីវិត ការសិក្សា សេដ្ឋកិច្ច និងធុរកិច្ចជាច្រើនដែលនឹកស្មានមិនដល់។ តាមរយៈតួលេខដែលបង្ហាញលើគេហទំព័រ worldometers នៅថ្ងៃទី ៤ កក្កដា ឆ្នាំ 2020 នេះ បានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ 19 នៅជុំវិញពិភពលោកមានចំនួនកើនដល់ជាង 11 លាននាក់ អ្នកស្លាប់មានចំនួនជាង 5 សែននាក់ និងអ្នកជាសះស្បើយមានចំនួនជាង 6 សែននាក់។ ទន្ទឹមនឹងការរីករាលដាលនេះ ប្រទេសមួយចំនួនធំបានដាក់ប្រទេសក្នុងគ្រាអាសន្ន បិទប្រទេស បិទសាលារៀន បុគ្គលិកបម្រើការងារត្រូវធ្វើការពីគេហដ្ឋាន និងទីផ្សារសេដ្ឋកិច្ចត្រូវជាប់គាំង។ ក្នុងនោះដែរ តើមានក្រុមហ៊ុនធំៗ និងល្បីៗណាខ្លះដែលទទួលរងឥទ្ធិពលដ៏កំណាចនៃជំងឺកូវីដ 19 នេះ?

  • ក្រុមហ៊ុនផលិតសម្លៀកបំពាក់ ស្បែកជើង និងកាបូប Michael Kors បានធ្លាក់ចុះប្រាក់ចំណូលនៅត្រីមាសទីមួយរហូតដល់ទៅ 70% និងត្រៀមបិទហាងមួយចំនួនធំ។
  • ក្រុមហ៊ុនយន្ដហោះ Airbus កាត់បន្ថយបុគ្គលិក 15000 នាក់ ដោយការធ្លាក់ចុះហិរញ្ញវត្ថុរបស់ក្រុមហ៊ុនប្រហែលជា 40% ដែលគិតជាទឹកប្រាក់ប្រមាណជា 8 ប៊ីលានដុល្លារអាមេរិក។
  • ប្រជាជនម៊ិកស៊ិចកូ 12 លាននាក់ត្រូវបាត់បង់ការងារដោយសារតែការវាយលុកពីជំងឺកូវីត 19។
  • ការលក់ចេញរថយន្តរបស់ក្រុមហ៊ុន Ford Motor នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ 3% នៅត្រីមាសទី 2 ខណៈការទស្សន៍ទាយនៃការលក់ចេញរថយន្ដទាំងឡាយនៅសហរដ្ឋអាមេរិកអាចនឹងធ្លាក់ចុះ 34% នៅក្នុងត្រីមាសទី 2 នេះ។
  • ក្រុមហ៊ុនអាកាសចរ Air France ត្រៀមកាត់បន្ថយបុគ្គលិក 6500 នាក់ នៅឆ្នាំ 2022។ ក្នុងនោះអាកាសនាវិកមានប្រហែលជា 15%។
  • ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បិទហាងទាំងអស់ និងត្រូវបង់ថ្លៃបិទហាងប្រហែល 450 លានដុល្លារអាមេរិក។
  • ក្រុមហ៊ុនផលិតស្បែកជើងកីឡាដ៏ធំ Nike ត្រៀមកាត់បន្ថយបុគ្គលិកបន្ទាប់ពីទទួលបានរបាយការណ៍ខាតបង់ប្រាក់ចំណូលប្រហែល 790 លានដុល្លារអាមេរិក ដោយសារតែហាងត្រូវបានបិទក្នុងអំឡុងពេលនៃការរីករាលដាលនៃវីរុសកូរ៉ូណា។
  • ក្រុមហ៊ុនរថយន្តរបស់អាឡឺម៉ង់ BMW កាត់បន្ថយបុគ្គលិកជាប់កិច្ចសន្យា 1 ម៉ឺននាក់ដើម្បីកាត់បន្ថយធនធានដែលត្រូវចំណាយដោយសារវិបត្តិកូវីដ 19។
  • ក្រុមហ៊ុន NPC International ម្ចាស់យីហោហាងភីហ្សាដ៏ល្បី និងមានអាយុកាលជិត 60 ឆ្នាំ Pizza Hutបានដាក់ពាក្យប្រកាសក្ស័យធន។ ហាងភីហ្សាចំនួន 1225 ទីតាំង ព្រមទាំងហាង 393 ដែលមានយីហោ Wendy ស្ថិតនៅក្រោមក្រុមហ៊ុនតែមួយ ត្រូវបានបិទទ្វារនៅទូទាំងសហរដ្ឋអាមេរិក។ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានធ្លាក់ចុះតាំងពីមុនការរីករាលដាលនៃវីរុសកូវីដ 19 ទៅទៀត ប៉ុន្តែ ដោយសារតែការគំរាមកំហែងពីវីរុសនេះ ក្រុមហ៊ុនបានជំពាក់បំណុលដល់ទៅ 903 លានដុល្លារអាមេរិក ព្រមទាំងត្រូវសងការខូចខាតនានាថែមទៀតផង។ បច្ចុប្បន្ន ក្រុមហ៊ុនបានដាក់ពាក្យប្រកាសក្ស័យធនក្រោមមាត្រាជំពូកទី 11 របស់សហរដ្ឋអាមេរិក ដែលមានន័យថា អាជីវកម្មភីស្សា និងហាង Wendy នេះនៅមានឈ្មោះក្នុងពាណិជ្ជកម្មនៅឡើយ។ ក្រុមហ៊ុន NPC អាចរក្សាប្រតិបត្តិការរបស់ខ្លួនក្នុងអំឡុងពេលនៃការរៀបចំគម្រោងក្នុងការបង់ថ្លៃចំណាយផ្សេងៗ ហើយម៉ាកយីហោទាំងពីរនេះមិនប៉ះពាល់ដល់សាខាកាន់កាប់ Pizza Hut និង Wendy ដែលមានការគ្រប់គ្រងដោយអ្នកទិញសិទ្ធិបើកអាជីវកម្មដទៃទៀតហើយ។
  • ក្រុមហ៊ុនសម្លៀកបំពាក់ Zara គ្រោងបិទហាងជា 1200 សាខានៅជុំវិញពិភពលោក និងផ្ដោតលើការលក់តាមរយៈអនឡាញវិញដោយសារតែវិបត្តិកូវីដ 19 ធ្ងន់ធ្ងរ ដែលពីមុនគេគ្រោងនឹងបើកការលក់បែបអនឡាញសុទ្ធនៅឆ្នាំ 2022។ ក្រុមហ៊ុន Zara បានធ្វើសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនបានខាតបង់ប្រាក់ចំណូលគោលពីខែកុម្ភៈ ដល់ខែមេសាដល់ទៅ 465 លានដុល្លារអាមេរិក ខណៈហាង 88% បានបិទទ្វារដោយសារវីរុសកូវីដ 19។ ចំណែកឯការលក់តាមរយៈអនឡាញវិញបានកើនឡើង 95%។
  • ហាងកាហ្វេចាស់វ័យ Starbucks ត្រៀមបិទហាងចំនួនប្រហែល 400 ហាង និងផ្លាស់ប្ដូរទៅជាសេវាដែលអ្នកទិញគ្រាន់តែកុម្ម៉ង់ ហើយខ្ចប់កាហ្វេវិញ។ ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនបានគិតគូរពីគម្រោងបិទហាងនេះមុនពេលមានការរីករាលដាលនៃវីរុសកូរ៉ូណាទៅទៀត បើយោងតាមការធ្វើស្ថិតិនៃអតិថិជនរបស់ Starbucks ភាគច្រើនកុម្ម៉ង់កាហ្វេ ហើយខ្ចប់ទៅក្រៅតែប៉ុណ្ណោះ។
  • ក្រុមហ៊ុនគ្រឿងសម្អាងម៉ាក NYX បានបិទហាងរបស់ខ្លួនទាំងអស់ទាំងហាងផ្ទាល់នៅប្រទេសម៉ាឡេស៊ីចាប់តាំងពីថ្ងៃទី 30 មិថុនា 2020 និងហាងអនឡាញអាចលក់បញ្ចេញផលិតផលដោយមានការបញ្ចុះតម្លៃយ៉ាងសម្បើមរហូតដល់ថ្ងៃទី 30 កញ្ញា ឬក៏ទំនិញអស់ពីស្តុក។ គួរបញ្ជាក់ផងដែរថា ផលិតផលគ្រឿងសម្អាងម៉ាក NYX នេះជាផលិតផលដែលមានតម្លៃសមរម្យអាចឱ្យអតិថិជនជាច្រើនអាចមានលទ្ធភាពទិញប្រើប្រាស់។
  • ក្រុមហ៊ុនស្បែកជើងដ៏ល្បី ALDO បានដាក់ពាក្យប្រកាសក្ស័យធននៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងអឺរ៉ុបកាលពីដើមខែឧសភា ឆ្នាំនេះ។

 

 

 

 

 

 

 

 

 

បញ្ជីរាយខាងលើនេះត្រឹមតែជាចំនួនខ្លះនៃក្រុមហ៊ុនដែលបានទទួលរងឥទ្ធិពលអវិជ្ជមានពីកូវីដ 19 ធ្វើឱ្យក្រុមហ៊ុនរបស់ពួកគេដាំក្បាលចុះយ៉ាងគំហុក។ ទន្ទឹមនឹងនេះដែរ មិនថានៅប្រទេសណាទេ ទាំងលោកខាងលិច លោកខាងកើត គឺសុទ្ធតែរងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕