
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០នេះ កម្ពុជាបាននាំចេញអង្ករបានជិត ៤០ម៉ឺនតោន ហើយនឹងអាចសំរេចយ៉ាងតិច៨0ម៉ឺនតោនក្នុងឆ្នាំ ២០២0 នេះ។ទន្ទឹមនឹងនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើសុំដំណោះស្រាយ៣ចំនុច ដើម្បីអភិវន្ឍន៍វិស័យស្រូវអង្ករកម្ពុជា អំឡុងវិបត្តិកូវីដ-១៩ផងដែរ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើង តាមរយៈពិភាក្សា ស្តីពី “វឌ្ឍនភាព និងស្ថានភាព ផលប៉ះពាល់កំឡុងពេលនៃ ការរាតត្បាតជម្ងឺកូវីឌ-១៩ លើវិស័យឯកជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ដែល កិច្ចប្រជុំនេះបានដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលផ្នែកឯកជននៃវេទិការរាជរដ្ឋាភិបាលវិស័យឯកជន និងមានការចូលរួមពីសហប្រធានក្រុមការងារទាំង១៣ រួមទាំងសហប្រធាននៃយន្តការភាពជាដៃគូរពន្ធដារ-ផ្នែកឯកជន និងសហប្រធាននៃយន្តការភាពជាដៃគូរគយ-ផ្នែកឯកជន។
នៅក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងអោយឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុមការងារ”ឈ” ផ្នែកស្រូវអង្ករនៃវេទិការរាជរដ្ឋាភិបាល វិស័យឯកជន បានថ្លែងឲ្យដឹងថា បានលើកពីវឌ្ឍនៈភាពរបស់វិស័យស្រូវអង្ករក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ ដែលបាននាំចេញបានជិត ៤០ម៉ឺនតោន ហើយនឹងអាចសំរេចយ៉ាងតិច៨0ម៉ឺនតោនក្នុងឆ្នាំ ២០២0 នេះ។
ជាមួយគ្នានោះដែរ នៅក្នុងកិច្ចប្រជុំនេះ ឧកញ៉ា សុង សារ៉ន ក៍បានលើកសំណូមពរតាមរយះសភាពាណិជ្ជកម្មលើបញ្ហារចំនួនចំនួន៣ ចំនុចសំខាន់ ដើម្បីអភិវន្ឍន៍វិស័យស្រូវអង្ករកម្ពុជា អំឡុងវិបត្តិកូវីដ-១៩ រួមមាន៖១.សំណូមពរអោយបង្កើត មន្ទីពិសោធន៍កំរិតអន្តរជាតិ ដែលអាចពិនិត្យមើលDNAគ្រប់អង្ករ និង សារធាតុផ្សេងៗ ២.សំណូមពរអោយលុបបំបាត់ ឬ ហាមឃាត់ការធ្វើចរាចរណ៍ ថ្នាំពុលកសិកម្មចំនួន ១០ មុខ ដែលសហគមន៍អឺរ៉ុបហាមឃាត់ និងទី៣.ស្នើរសុំកញ្ចប់ថវិការចំនួន៣០លានបន្ថែម ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើចំនួនដែលមានស្រាប់ចំនួន៥០ លាន ហើយស្នើរសុំបន្ថែមថេរវេលាកម្ចីពី៦ខែទៅ១២ខែដែលផ្តល់ភាពងាយស្រួលដល់រោងម៉ាស៊ីនកិនស្រូវក្នុងការប្រមូលទិញស្រូវ នារដូវប្រមូលផលខាងមុខ៕