
វិស័យសំណង់នៅកម្ពុជា បានបង្កើតការងារជាច្រើនប្រភេទជូនប្រជាពលរដ្ឋ សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២០នេះ គិតជាមធ្យមវិស័យនេះ បានផ្តល់ការងារដល់ ពលរដ្ឋប្រមាណ១៧ម៉ឺននាក់ក្នុង១ថ្ងៃ។ នេះបើយោង តាមរបាយការណ៍ បូកសរុបលទ្ធផលការងារ៦ខែ ឆ្នាំ២០២០ និងទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគេហៈទំព័រ The Plus News ទទួលបាននៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០២០។
របាយការណ៍ដដែលបានបង្ហាញឱ្យដឹងទៀតថា បើផ្អែកតាមរយៈការសិក្សាស្រាវជ្រាវក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ តម្លៃពលកម្មសម្រាប់កម្មករ គ្មានជំនាញក្នុង១ថ្ងៃទទួលបាន ៤០,០០០រៀល ដល់ ៦០,០០០រៀល កម្មករមានជំនាញ និង មេជាងក្នុង១ថ្ងៃទទួលបាន ៦០,០០០រៀល ដល់១០០,០០០រៀល ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងៗទៀត ក្នុង១ខែ ទទួលបានប្រាក់បៀវត្ស ពី៤០០ដុល្លារសហរដ្ឋអាមេរិក ទៅ២៥០០ពាន់ដុល្លារសហរដ្ឋអាមេរិក។
ដោយឡែក នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះដែរ សំណង់នៅទូទាំងប្រទេសកម្ពុជាមានចំនួនសរុប២៥២២គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់រសរុបចំនួន ៨៦០៤៣២១ ម៉ែត្រការ៉េដែលមានតម្លៃប៉ាន់ស្ថានទុនវិនិយោគប្រមាណ ៣៨៤២៦៩៩៤០១ ដុល្លារ។នេះបើយោងតាមរយៈការណ៍របស់ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់។
ចំពោះទិន្នន័យខាងលើនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា បើធៀបនឹងឆមានទី១ ឆ្នាំ២០១៩ មានចំនួន២០៤៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់រសរុបចំនួន៣៧ ០០៧ ៧២២ ម៉ែត្រការ៉េដែលមានតម្លៃប៉ានស្ថានវិនិយោគប្រមាណ ៣ ៣៩២ ៧៧២ ៧៥៣ដុល្លារ គឺកើនឡើងចំនួន១៣,២៧%៕អត្ថបទ៖ ពិសី