រដ្ឋមន្ត្រីសុំឲ្យ ADB ជួយរកវិធានការនានា ដើម្បីទប់ស្កាត់ផលប៉ះពាល់លើផលិតកម្មដំឡូងមី

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន កាលពី​ថ្ងៃទី១២ វិច្ឆិកា​នេះ​ស្នើ​ដល់​នាយក​ប្រតិបត្តិ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ប្រទេស​កម្ពុជា​ជួយ​រក​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​លើ​ផលិតកម្ម​ដំឡូង​មី ដោយសារ​ជំងឺ​ម៉ូ​សា​អ៊ិ​ក​ដំឡូង​មី និង​ផែនការ​គ្រប់គ្រង​ជំងឺ។

ការស្នើសុំ​នេះ នៅ​ទីស្តីការ​ក្រសួងកសិកម្ម លោក វេ​ង សាខុន បានអនុញ្ញាត​ឱ្យ​លោកស្រី Sunniya Durrani-Jamal នាយក​ប្រតិបត្តិ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម។

ក្នុងជំនួប​នេះ លោក​រដ្ឋមន្ត្រី​បាន​សុំ​ឲ្យ​លោកស្រី​ពិនិត្យ​លទ្ធភាព និង​ពិចារណា​ក្នុងការ​ផ្តល់​កិច្ចសហប្រតិបត្តិការ​លើ​វិធានការ​នានា​ដែល​ត្រូវ​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​លើ​វិស័យ​កសិកម្ម។ ពិនិត្យ និង​ធ្វើការ​សិក្សា​ពី​ការរៀបចំ​ធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ។ ជួយ​ក្នុង​វិធានការ​នានា​ដែល​ឈានដល់​ការទប់ស្កាត់​ផលប៉ះពាល់​លើ​ផលិតកម្ម​ដំឡូង​មី ដោយសារ​ជំងឺ​ម៉ូ​សា​អ៊ិ​ក​ដំឡូង​មី និង​ផែនការ​គ្រប់គ្រង​ជំងឺ។

ជួយ​រិះរក​វិធានការ​នានា ដែល​ឈានទៅដល់​ការសហការ​បាន​ពេញលេញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការធ្វើ​កសិកម្ម​ឱ្យ​ទទួលបាន​ទិន្នផល​ខ្ពស់ និង​កាត់បន្ថយ​ការចំណាយ​ឱ្យបាន​ជា​អតិប្បរមា លើ​ការងារ​គ្រប់គ្រង​ទឹក​និង​ដំណាំ។ និង​ផលិតភាព​ផលិតកម្ម និង​ទីផ្សារ​កសិផល​របស់​ប្រជាកសិករ និង​សហគមន៍។

ក្នុងជំនួប​នេះ លោកស្រី Sunniya Durrani-Jamal បាន​កោតសរសើរ​ចំពោះ​ការវិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម​ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ជួយ​គាំទ្រ​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នា​ឆ្នាំកន្លងមក។

លោកស្រី​ក៏បាន​បញ្ជាក់ថា វិស័យ​កសិកម្ម​គឺជា​វិស័យ​មួយ​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​អាទិភាព​ខ្ពស់ ដោយបាន​ដាក់បញ្ចូល​នៅក្នុង​គោលនយោបាយ​ភាពជា​ដៃគូ រវាង​ប្រទេស​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី​សម្រាប់​រយៈពេល ៥ឆ្នាំ។

ក្នុងឱកាស​នៃ​ការបំពេញ​បេសកកម្ម​នៅ​កម្ពុជា លោកស្រី​បាន​សន្យាថា នឹង​ផ្តល់​កិច្ច​សហប្រតិបត្តិ និង​បន្ត​ការគាំទ្រ​ឱ្យអស់​លទ្ធភាព​ជាមួយ​ក្រសួងកសិកម្ម ធ្វើយ៉ាងណា​រួមចំណែក​អភិវឌ្ឍន៍​វិស័យនេះ​ឱ្យមាន​ការរីកចម្រើន។

ជាការ​ឆ្លើយតប​លោកស្រី​បាន​ឯកភាព​ទាំងស្រុង​នូវ​រាល់​ចំណុចសំខាន់ៗដែល​ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង និង​ទទួលយក​ចំណុច​ទាំងនោះ​ទៅ​ពិភាក្សា​ជាមួយ​ក្រុមការងារ​ជំនាញ​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​ការគាំទ្រ៕

ហៃ សិរី