
ភ្នំពេញ៖ រដ្ឋលេខាធិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុត នៅថ្ងៃទី ០៨ខែកក្កដាបានលើកឡើងថា អត្រានៃភាពក្រីក្ររបស់ប្រទេសកម្ពុជា បាននិងកំពុងងើបឡើងវិញ ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩ដែលកំពុងផ្ទុះពាសពេញសកលលោក។
លោក វង្សី វិស្សុត បានថ្លែងក្នុងសន្និសីទស្តីពីវិធានការទ្រទ្រង់ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជាថា យើងមិនអាចបដិសេធថា មានកូវីដ១៩ហើយគ្មានអ្នកក្រកើនឡើងទេ ប៉ុន្តែធ្វើយ៉ាងម៉េចកុំឲ្យគាត់ស្លាប់ដោយអត់បាយ ពិបាកវេទនា ឲ្យគាត់រស់បាន ដើម្បីឱកាសសេដ្ឋកិច្ច និងការងារមកវិញ គាត់ស្ទុះងើបមកវិញបាន។
លោកបញ្ជាក់ថា៖«តួលេខភាពក្រីក្រត្រូវតែឡើង បើគិតទាំង ២.៣លាននាក់ ទាំងពលរដ្ឋក្បែរក្រីក្រនោះ អត្រាភាពក្រីក្រវាឡើងដល់១៤-១៥ភាគរយហើយ»។ អត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា នៅមុនពេលកើនជំងឺកូវីដ១៩ ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃថា ស្ថិតនៅក្រោមបន្ទាត់ ១១ភាគរយ ប៉ុន្តែពេលនេះក្នុងជួបវិបត្តិ ជំងឺឆ្លងដ៏កាចសាហាវនេះ អត្រានឹងកើនឡើងវិញ។
លោកបន្តថា ដើម្បីសម្រាលបន្ទុក ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលជួបការលំបាកក្នុងជីវភាពដោយសារជំងឺកូវី១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ១២៥ លានដុល្លារ។ ដោយក្នុង១ខែត្រូវចំណាយ ២៥លានដុល្លារ។
លោក វង្សី វិស្សុត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះនេះ មិនឲ្យពួកគាត់ជួបបញ្ហាអត់បាយឡើយ។ «យើងចិញ្ចឹមគាត់ទៅទាំងក្រ និងក្បែរក្រនេះឲ្យតែជួបការលំបាក ហើយមិនមែនចិញ្ចឹមឲ្យគាត់រស់ទាំងស្រុងទេ គ្រាន់តែជួយទេ គាត់ត្រូវតែប្រឹងខ្លួនឯងដែរ»។
លោកថា នៅឆ្នាំ២០២០នេះ បើសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្នុងអត្រា-១.៩ភាគរយ ហើយចំនួនប្រជាជនកម្ពុជាកើនឡើងទៀតនោះ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សមា្នក់ៗនឹងធ្លាក់ ប៉ុន្តែបើចំនួនប្រជាជនគ្មានកំណើនទេ ហើយសេដ្ឋកិច្ចធ្លាប់តែ-១.៩ភាគរយ នោះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សមា្នក់ៗនៅដដែល៕