
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៨ ខែកក្កដានេះ បានអនុម័តកម្ចីចំនួន២៥០លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបជំងឺកូរ៉ូណា(COVID-19) តាមរយៈការពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេស បង្កើនជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងផ្តល់ការ គាំទ្រសេដ្ឋកិច្ច សម្រាប់អាជីវកម្ម ដែលរួមមាន សហគ្រាសខ្នាតតូច និងមធ្យម។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចុះនៅថ្ងៃទី០៨ ខែកក្កដានេះឲ្យដឹងថា ការគាំទ្រនេះ នឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃជំងឺរាតត្បាតនេះ លើសុខភាព សង្គម និងសេដ្ឋកិច្ច។
លោក Masatsugu Asakawa ប្រធានធានាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងថា កម្ពុជាមានកំណត់ត្រា នៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែ COVID-19 គំរាមធ្វើឲ្យថយចុះ នូវការរីកចម្រើន ក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជាស្រ្តី និងកម្មករចំណាកស្រុក។ កម្ចីនេះជាផែនការ ចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើ ការគាំទ្រការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។
ADB រំពឹងថា សេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះក្នុងរង្វង់ -៥,៥% ក្នុងឆ្នាំ២០២០ ដោយសារការថយចុះ នៃវិស័យទេសចរណ៍ ការនាំចេញសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ តិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។ ហានិភ័យនៃការធ្លាក់ចុះនេះអាចនឹងនាំឲ្យប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ ទៀតធ្លាក់ក្នុងភាពក្រីក្រ។
កាលពីខែមីនា កម្ពុជាប្រកាសដំណើរការ ការឆ្លើយតបស៊ីជម្រៅ ទៅនឹង COVID-19 ជាមួយនឹងកញ្ចប់ថវិកាវិធានការដំបូងសរុប ៨១៥,៧លានដុល្លា ដែលស្មើនឹង ៣,២% នៃផលិតផលក្នុងស្រុកសរុប រំពឹងទុកសម្រាប់ឆ្នាំ២០២០។
ទាំងនេះ រួមបញ្ចូលនូវការគាំទ្រ ទៅលើប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមបង្ការ ការកើនឡើងនៃករណី COVID-19 ហើយសម្រាប់កម្មករ និងសហគ្រាស ដែលរួមមានការចាក់បញ្ចូលដើមទុន១៥០លានដុល្លារ ដើម្បីគាំទ្រធនាគារដែលផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យម។
កញ្ចប់ថវិកាគាំទ្រនេះ រួមមាន៖ ៣០០លានដុល្លារ សម្រាប់ការផ្តល់ជំនួយជាសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានក្នុងបញ្ជីទិន្នន័យ របស់រាជរដ្ឋាភិបាល។ បញ្ជីទិន្នន័យ (IDPoor) នេះ មានបញ្ចូលគ្រួសារក្រីក្រ ២.៤លានគ្រួសារ ហើយកំពុងត្រូវបានបញ្ចូលបន្ថែមគ្រួសារ ដែលរងប៉ះពាល់ដោយ COVID-19។
កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្មទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES) ត្រូវបានផ្តល់ថវិកាតាមរយៈជម្រើសឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 (ហៅកាត់ថា CPRO) ក្រោមការជ្រោមជ្រែងរបស់ ADB ដើម្បីដោះស្រាយដំណើរសេដ្ឋកិច្ចមិនប្រក្រតី៕