រដ្ឋាភិបាលគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនកែប្រែពីរោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ទៅ​ជា​រោងចក្រ​ផលិត​ម៉ាស

រាជរដ្ឋាភិបាល​ បានបង្ហាញការគាំទ្រ​និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំងឡាយ​ដែល​កែប្រែ​ពី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ទៅ​ជា​រោងចក្រ​ផលិត​ម៉ាស ​ដើម្បី​នាំ​ចេញ​ទីផ្សារ​អន្តរជាតិ​វិញ ខណៈ​ផលិតផល​ម៉ាស​កំពុង​មាន​ទីផ្សារ​នៅ​លើ​សកលលោក។នេះបើតាមការលើកឡើង ពីអ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។


លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ថា បច្ចុបន្នមានរោងចក្រ​មួយ​ចំនួន​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​ បាន​ងាក​មក​ផលិត​ម៉ាស​វេជ្ជសាស្ត្រ​ច្រើន​ប្រភេទ​ដើម្បី​បញ្ចៀស​ការ​បិទ​រោងចក្រ​ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចេញ​ម៉ាស​និង​ផលិតផល​វេជ្ជសាស្ត្រ​ដទៃ​ទៀត​ដោយ​សេរី​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

​លោក​ហេង សួរ បានបញ្ជាក់ដូច្នេះថា«រហូតមកដល់ពេលនេះមានរោងចក្រប្រមាណ​ជាង​១០​រោងចក្រ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​កែប្រែ​ពី​ការ​ផលិត​សម្លៀក​បំពាក់​និង​ស្បែកជើង​ទៅ​ជា​រោងចក្រ​ផលិត​ម៉ាស ហើយ​ក្នុង​នោះ​ដែរ​មាន​បួន​ទីតាំង​កំពុង​មាន​សកម្មភាព​គឺ​រោងចក្រ​នៅ​កំពង់ចាម ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ស្ពឺ​និង​រាជធានី​ភ្នំពេញ ។ហើយចំពោះ រោងចក្រ​ដែល​កំពុង​កែប្រែ​ពី​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ទៅ​ជា​រោងចក្រ​ផលិត​ម៉ាស និង​សម្ភារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ គឺ​គោលដៅ​ធំ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ» ។


លោក​ហេង សួរ បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ផលិត​ម៉ាស​ជា​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ខ្លី តែ​ត្រូវ​កំលាំង​ពលកម្ម​មិន​ច្រើន​ប៉ុន្មាន​ទេ ជាក់ស្ដែង​ក្នុង​មួយ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ដែល​ផលិត​ម៉ាស​២​លាន​ម៉ាស​ក្នុង​មួយ​ខែ​ត្រូវការ​កំលាំង​ពលកម្ម​ប្រមាណ​តែ​ជាង​២០​នាក់​ប៉ុណ្ណោះ ។ហេតុនេះលោកថា រដ្ឋាភិបាល​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំងឡាយ​ដែល​កែប្រែ​ពី​ការ​ផលិត​សម្លៀក​បំពាក់​និង​ស្បែកជើង​ទៅ​ផលិត​ម៉ាសវិញ។
កាលពីពេលកន្លងទៅ លោក​ ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ធ្លាប់មាន​ប្រសាសន៍​ថា​ ការ​បង្វែរ​ផលិតកម្ម​ទៅ​ធ្វើ​ម៉ាស​វិញ​នោះ​ ​សម្រាប់​រោងចក្រ​កាត់ដេរ វា​មិន​មែន​ជា​រឿង​ធម្មតា​ដែល​អាច​ធ្វើ​បាន​ដោយ​ងាយ​ឡើយ​ ដោយសារ​តែ​ម៉ាស៊ីន​ផលិត​មាន​ទ្រង់ទ្រាយ​ខុស​គ្នា ​ហើយ​ការ​ផលិត​ម៉ាស​ទាមទារ​ឱ្យ​មាន​បន្ទប់​លម្ហ​ផលិត​កម្ម​ដែល​មាន​អនាម័យ ​និង​ស្អាត​បំផុត។​


យ៉ាងណា បើយោងតាម​លិខិត​មួយ​ចុះ​ថ្ងៃទី​៤ ​ខែ​ឧសភា ​លោក ​គុណ ញឹម ​អគ្គនាយក​គយ​ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​សម្រេច​អនុញ្ញាត​ការ​នាំ​ចេញ​ម៉ាស​គ្រប់​ប្រភេទ​ ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ទៀត​ឡើយ។ ​ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​គ្រា​ដែល​កម្ពុជា​រក​មិន​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ជាង​៣​សប្តាហ៍​មក​នេះ។​

ក្នុង​លិខិត​នោះលោក ​ ​ក៏បានបញ្ជាក់ដែរ​ថា​ ការ​បន្ធូរ​បន្ថយ​នេះ​កើត​មាន​«ដោយ​បច្ចុប្បន្ន​នេះ ​រាជ​រដ្ឋាភិបាល​អាច​គ្រប់​គ្រង ​និង​ធានា​បាន​នូវ​ស្តុក​បម្រុង​គ្រប់​គ្រាន់​នូវ​មុខ​ទំនិញ​ម៉ាស ​ដែល​បម្រើ​ដល់​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូវីដ១៩​នៅ​ក្នុង​ប្រទេស»។​

​គួរបញ្ជាក់ថា ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈបានឲ្យដឹងថា ត្រឹម​៦​ខែ​ដើមឆ្នាំ ២០២០​នេះ​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​និង​ស្បែកជើង បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង​៥​% ​ហើយ​ក្នុង​រយៈពេល​នេះ​ដែរ មាន​រោងចក្រ​ស្នើ​សុំ​ផ្អាក​សកម្មភាព​ការងារ​ចំនួន​ជាង​៤០០​រោងចក្រ និង​រោងចក្រ​បិទ​ដំណើរការ​តែ​ម្ដង​មាន​ចំនួន​៨៣​រោងចក្រ៕