ខេត្តកែប កំពុងក្លាយជាគោលដៅវិយោគសំខាន់លើវិស័យអចលនទ្រព្យនិងវិស័យទេសចរណ៍

(កែប)៖ វិនិយោគិនខ្មែរមួយក្រុម បានចាត់ទុកថា ខេត្តកែប កំពុងក្លាយជាគោលដៅវិយោគ​សំខាន់​លើវិស័យអចលនទ្រព្យនិងវិស័យទេសចរណ៍។ជាមួយគ្នានេះ វិនិយោគគិនក្នុងស្រុក ក៏បានបានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចូលរួមអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ក្នុងខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលរបស់កម្ពុជា។

ការចាប់អារម្មណ៍លើការវិនិយោគនេះ បានកើតឡើងក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែប របស់វិនិយោគិនខ្មែរមួយក្រុម ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង ប្រធានក្រុមប្រឹក្សាភិបាលT.O.I.C Group ដើម្បីស្វែងរកឱកាសក្នុងការចូលរួមអភិវឌ្ឍ ក្រោមការចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវបានធ្វើឡើងកាលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានបញ្ជាក់ដូច្នេះថា ដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែបនេះ ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ក្នុងឪកាសនោះ លោកអភិបាល ក៏បានបង្ហាញនូវក្តីរីករាយ និងត្រៀមសហការយ៉ាងល្អ ដល់វិនិយោគិនក្នុងស្រុក ដែលមានការចាប់អារម្មណ៍ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តកែប បើទោះបីជាបញ្ហាកូវីដ១៩ កំពុងតាមយាយីក្តី។

ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានឲ្យដឹងទៀតថា បន្ទាប់ពីបានជួបពិភាក្សាជាមួយនឹងលោកអភិបាលខេត្តកែប ក្រុមវិនិយោគិនរបស់លោក មានការចាប់អារម្មណ៍ និងមានបំណងចង់ធ្វើការសាងសង់អភិវឌ្ឍន៍អចលនទ្រព្យ ដែលបម្រើដល់វិស័យទេសចរណ៍ ដែលមានទីតាំងជាកន្លែងសក្តានុពលមួយចំនួន។

គួរជម្រាប់ជូនថា បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ នៃឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ការវិនិយោគវិស័យសំណង់វិញ ត្រឹមឆមាសទី១ ឆ្នាំ២០២០ (រយៈពេល៦ខែ) មានទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារអាមេរិក កើនជាង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩។ ក្នុងនោះ ចំនួនគម្រោងដែលត្រូវបានអនុញ្ញាតឲ្យសាងសង់ សរុបមានចំនួនជាង២,៥០០គម្រោង។

ជាងនេះទៀត របាយការណ៍នោះ ក៏បានបញ្ជាក់យ៉ាងដូច្នេះថា រយៈពេល៦ខែមកនេះ សំណង់នៅទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាតឲ្យសាងសង់មានចំនួន ២,៥២២ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ជាង៨.៦លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណជាង៣.៨ពាន់លានដុល្លារអាមេរិក។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ២,០៤៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ជាង៣៧លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគជិត ៣.៤ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង១៣.២៦%៕ អត្ថបទ៖ ពិសី