តើផ្លូវក្រវាត់ក្រុងខ្សែទី៣ ដែលគ្រោងប្រើថវិកា ២៧៣ លានដុល្លារ សាងសង់ដល់ណាហើយ?

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតមកដល់ពេលនេះផ្លូវក្រវាត់ក្រុងខ្សែទី៣ដែលប្រើប្រាស់ថវិកាវិយោគប្រមាណ ២៧៣ លានដុល្លារ បានដំណើរការសាងសង់បានសម្រេចប្រមាណ៤០%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២១ខាងមុខ។

ថ្លែងក្នុងចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ កាលថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២០ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តាមរយ:ការចុះត្រួតពិនិត្យគុណភាព ដោយមិនបានឱ្យក្រុមហ៊ុនដឹងមុននេះ បានមើលឃើញថា សម្រាប់គុណភាពនៅកន្លែងធ្វើស្ពាន គឺនៅមានការខ្វះខាតបន្តិចបន្តួច តែមិនមែនជាបញ្ហាចោទនោះទេ។

យ៉ងណាលោកថា ក្រុមហ៊ុនក៏បានសន្យានឹងធ្វើឱ្យបានរឹងមាំ និងត្រឹមត្រូវបានលក្ខណ:បច្ចេកទេស ហើយសម្រាប់គ្រឹះនៃការសាងសង់ផ្លូវនេះវិញ គឺបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស ដែលក្រសួងបានកំណត់ត្រឹមត្រូវ។

លោកបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្ត រាជធានីភ្នំពេញជាង១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។

ផ្លូវក្រវាត់ក្រុងទី៣នេះ មានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ផ្លូវនេះនឹងមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។ ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺផ្លូវដ៏សំខាន់មួយជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរ និងចរាចរណ៍ក្នុងរាជធានីបន្ថែមទៀត។នេះបើតាម ការបញ្ជាក់បន្ថែមពីមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក ទទឹង២២ម៉ែត្រ និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)៕