
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជាបានសហការជាមួយអង្គការ SwissContact នៃប្រទេសស្វីស បង្កើតយន្តការរួមគ្នាដើម្បីជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងប្រឹក្សាយោបល់ដល់សហគ្រាសខ្នាតតូច និងមធ្យម (SME) ក្នុងវិស័យទេសចរណ៍។
ការរៀបចំយន្តការនេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍បានប្រកាសផ្សព្វផ្សាយស្តីពីការផ្តល់អ្នកជំនាញជាន់ខ្ពស់ផ្នែកទេសចរណ៍ដល់សហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍កម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីម្ចាស់អាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ប្រមាណ ២៥០នាក់។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា គោលបំណងនាពេលនេះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងប្រកាសពីការផ្តល់អ្នកជំនាញជនជាតិស្វីស ឯកទេសទេសចរណ៍ និងការអភិវឌ្ឍ សំដៅផ្តល់ជំនាញបច្ចេកទេសលើការគ្រប់គ្រងចាត់ចែង និងដឹកនាំអាជីវកម្មទេសចរណ៍ឱ្យមាននិរន្តរភាព បង្កើតឱកាសការងារជូនដល់យុវជន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។
កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្រោយជំនួបរវាងលោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រី Carin Salerno នាយិកាទីភ្នាក់ងារស្វីស ដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (Swiss Agency for Development and Cooperation) នៃក្រសួងការបរទេសស្វីស កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ នៅទីស្តីការក្រសួងទេសចរណ៍។
គម្រោងនេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយនឹងអង្គការ SwissContact ជាកម្មវិធីថ្មីមួយក្នុងទម្រង់ពង្រឹងសហគ្រិនភាពក្នុងវិស័យទេសចរណ៍ (Tourism Entrepreneurship) ដោយកន្លងមកបានសហការបញ្ជូនអ្នកជំនាញជនជាតិស្វីសចំនួន ១៨រូប មកជួយគាំទ្រអាជីវកម្មចំនួន១៨ នៅកម្ពុជា ក្នុងនោះអ្នកជំនាញបានផ្តល់ទាំងជំនាញបច្ចេកទេស និងគ្រប់គ្រង ដែលធ្វើឱ្យអាជីវកម្មដំណើរការបានយ៉ាងរលូនលើសការរំពឹងទុក។
តាមរយៈកម្មវិធីនេះអាជីកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ នឹងមានឱកាសចាប់យកកាលានុវត្តភាពថ្មីៗ ជាពិសេសទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗពីអ្នកជំនាញ មកសហការជួយអាជីវកម្មទេសចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត និងចូលរួមសម្រេចចក្ខុវិស័យទេសចរណ៍ អភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅបណ្តុះបណ្តាល និងទទួលស្គាល់អ្នកជំនាញទេសចរណ៍ ៥០% នៅឆ្នាំ២០២០ និង ១០០% នៅឆ្នាំ២០២៥ ដើម្បីសម្រេចយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»៕
ហៃ សិរី