
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៣ វិច្ឆិកានេះ បានចេញសេចក្ដីជូនដំណឹង ក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងឡាយជាលើកទី២ ដែលមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែល The Plus News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
តាមសេចក្ដីជូនដំណឹងបានបង្ហាញថា៖«ករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាតាមកំណត់ខាងលើ ម្ចាស់យានយន្តនឹងទទួលរងនូវទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចជាពិសេស នគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ការប្រមូលពន្ធ»៕
ហៃ សិរី