
សិង្ហបុរី៖ ខណៈអាមេរិកកំពុងបន្តឈរជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោក ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បានថ្លែងប្រាប់លោក Michael Pence អនុប្រធានាធិបតីអាមេរិក ដោយបង្ហាញពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-អាមេរិកឲ្យកាន់តែធំថែមទៀត។
តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចបានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៦ ក្រោមប្រធានបទ «ការពនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ានអាមេរិក និងទិសដៅអនាគត»។
ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA)និងគំនិតផ្តួចផ្តើមផែនការ នៃការពង្រីកការចូលរួម ក្នុងផ្នែកសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan)។
ក្រៅពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មជាមួយអាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងអាស៊ាន នៅមានសក្ដានុពលជាច្រើនទៀត ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្ម វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម ដែលអនុញ្ញាតិឱ្យអាស៊ាន និងអាមេរិក ចាប់យក ដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ការកសាងធនធានមនុស្ស ជាពិសេសយុវជន គឺជាកត្តាចាំបាច់ក្នុងការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការកសាងធនធានមនុស្ស និងវិស័យអប់រំ ដោយផ្ដល់ឱកាសអាហារូបករណ៍បន្ថែមទៀតដល់យុវជនអាស៊ាន ជាពិសេស យុវជនពីប្រទេសកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខអ៊ីនធើណែត និងកិច្ចព្រម ព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០១៨-២០១៩៕
ហៃ សិរី