
ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាលោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា រយៈពេល១០ខែ ឆ្នាំ២០១៨នេះ គិតពីខែមករា-តុលាមានភ្ញៀវទេសចរឆ្លងកាត់តាមអាកាសយានដ្ឋានអន្ដរជាតិទាំង៣ ជិត៨.៥លាននាក់ កើនឡើងចំនួន២១.៧% បើធៀបនឹងរយៈដូចគ្នាឆ្នាំ២០១៧ ដែលមានត្រឹមតែ៧លាននាក់ប៉ុណ្ណោះ។
ការលើកឡើងនេះ ក្នុងសិក្ខាសាលាស្ដីពី«ការតភ្ជាប់ការហោះហើរ កាលានុវត្តភាព និងការប្រឈម»ដែលមានការចូលរួមពីមន្ដ្រីនៃប្រទេសកម្ពុជា ឡាវ ភូមា និងចិន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ការរីកចម្រើនរបស់អាកាសយានដ្ឋានរបស់កម្ពុជានេះ ទើបអាកាសចរស៊ីវិលបានប្រមូលផ្ដុំមន្ដ្រីរបស់កម្ពុជា ឡាវ ភូមា និងចិន ចូលរួមសិក្ខាសាលាស្ដីអំពី «ការតភ្ជាប់ការហោះហើរ កាលានុវត្តភាព និងការប្រឈម» ដោយសិក្ខាសាលានេះ ធ្វើឡើង ដើម្បីសិក្សាពីគម្រោងលើកកម្ពស់ការតភ្ជាប់រយៈពេល១ឆ្នាំកន្លះ ក្រោមជំនួយឧបត្តមគាំទ្ររបស់ប្រទេសចិន។
លោក ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា សម្រាប់ចំនួនជើងហោះហើរក្នុងឆ្នាំនេះមានការកើន បើធៀបនឹងឆ្នាំ២០១៧ ហើយឆ្នាំ២០១៨ ជើងហោះហើរមានចំនួន ៧២,៧៨៧ កើនឡើង២០% បៀបធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ ៦០,៦៣៦ប៉ុណ្ណោះ ហើយទំនិញវិញ ក៏មានការកើនឡើងដែរ ឆ្នាំនេះមានចំនួន ៥៥,៣២៤តោន កើនឡើង១៩% ខណៈឆ្នាំ២០១៧មានត្រឹមតែ៤៦,៦៧៥តោន។
លោកបន្តថា គម្រោងលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសកម្ពុជា ឡាវ ភូមា និងចិននេះ ធ្វើឡើងក្នុងគោលបំណងជួយដល់ប្រទេសទាំង៣ ក្នុងការតភា្ជប់ផ្លូវអាកាសឆ្ពោះទៅ ឬត្រឡប់មកពីប្រទេសចិន។ អាកាសយានដ្ឋានកម្ពុជា មានការតភ្ជាប់ជើងហោះហើរ ទៅកាន់ទីក្រុងនៃប្រទេសចិន។
បច្ចុប្បន្នកម្ពុជាមាន២៨គោលដៅចេញពីអាកាសយានដ្ឋានអន្ដរជាតិទាំង៣ រួមមាន១៦គោលដៅចេញពី អាកាសយានដ្ឋានសៀមរាបទៅប្រទេសចិន ១២គោលដៅចេញពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និង១២គោលដៅ និងចេញពីអាកាសយានដ្ឋានអន្ដរជាតិព្រះសីហនុ សរុបមកជើងហោះហើរចំនួន៣៤៣ជើង ក្នុង១សប្ដាហ៍ ដែលប្រតិបត្តិដោយក្រុមហ៊ុនអាកាសរចណ៍ក្នុងស្រុក៦ និងក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិចំនួន១០ គិតត្រឹមខែតុលា ឆ្នាំ២០១៨នេះ៕
ហៃ សិរី