
សៀមរាប៖ មជ្ឈមណ្ឌលកម្សាន្ដ The Heritage Walk ដំបូងបង្អស់ធំជាងគេនៅខេត្តសៀមរាបរបស់កូនខ្មែរបានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
មជ្ឈមណ្ឌលកម្សាន្ដនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Metro Lifestyle Development ស្ថិតនៅលើផ្ទៃដីប្រមាណជាង៧,០០០ម៉ែត្រការ៉េ ចំកណ្តាលទីក្រុងទេសចរណ៍វប្បធម៌អង្គរវត្ត។
ពិធីបើកសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី លោកស្រី ពេជ ចន្ទមុនី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន មេត្រូ ឡាយស្តាឌីវើលុបមិន (Metro Lifestyle Development) និងថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនMetro Lifestyle Development បានឲ្យដឹងថា លោកស្រី ធៀង កតិកា ប្រធានប្រតិបត្តិក្រុមហ៊ុនថ្លែងក្នុងពិធីសម្ពោធបើកឲ្យដំណើរការមជ្ឈមណ្ឌលនេះថា The Heritage Walk ស្ថិតនៅលើផ្ទៃដីប្រមាណជាង៧,០០០ម៉ែត្រការ៉េ ហើយស្ថិតនៅចំកណ្តាលទីក្រុងទេសចរណ៍វប្បធម៌អង្គរវត្ត។ ទីតាំងនេះផ្តល់ភាពងាយស្រួលសុវត្ថិភាព ផាសុខភាព អមដោយដើមឈើធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ គួរជាទីមនោរម្យ។
លោកស្រីបន្តថា The Heritage Walk ពុំមែនផ្សារទំនើប ប៉ុន្ដែវាជាមជ្ឈមណ្ឌលកម្សាន្តបែបប្រមូលផ្តុំមួយដែលផ្តល់បរិយាកាសដ៏ប្រពៃ និងបរិស្ថានល្អ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលំហែកម្សាន្ត ទទួលទានអាហារ ទស្សនាខ្សែភាពយន្ត ទិញទំនិញផ្សេងៗ សម្រាប់មនុស្សគ្រប់វ័យ ដែលបើកដំណើរការចាប់ពី ម៉ោង១០ព្រឹក រហូតដល់ម៉ោង១០យប់។ ក្នុងនោះដៃគូរពាណិជ្ជសុទ្ធតែមានបទពិសោធន៍ នៅក្នុងទីផ្សារ ក៏ដូចជាម៉ាកល្បីៗ លំដាប់អន្តរជាតិ ចូលរួមបង្ហាញបើកទីតាំងនេះផងដែរ រួមមានជាង៥០ហាង។
ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់ភាគហ៊ុនខ្មែរផ្ទាល់ ក្នុងការវិនិយោគមជ្ឈមណ្ឌល The Heritage Walk។
ដោយលោកថ្លែងថា ជុំវិញការសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ គឺពិតជាបានរួមចំណែកដល់កិច្ចការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់ ជាពិសេសបានផ្តល់ការងារជូនកម្មករនិយោជិតក្នុងខេត្តជាង១,០០០នាក់។
ទន្ទឹមនឹងការវិឌ្ឍន៍ឈានឡើងឥតឈប់ឈរ គេសង្កេតឃើញ ថាផ្សារទំនើបៗជាច្រើនបាននិងកំពុងតែមានការរីកដុះដាលនៅកម្ពុជាក្នុងនោះខេត្តសៀមរាប ក៏មានការរីកចម្រើនផងដែរ៕
ហៃ សិរី