
ធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA) នៅថ្ងៃទី១៩ ខែវិច្ឆិកានេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ជូនដល់កម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស ដើម្បីចូលរួមធានាសុវត្ថិភាព និងការផ្ដល់សេវាបានកាន់តែល្អប្រសើរ។
ការចុះហត្ថលេខានេះ តាមរយៈលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី និងលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC កាលពីថ្ងៃទី១៩ ខែវិច្ឆិកានេះនៅទីស្នាក់ការកណ្ដាលធនាគារអេស៊ីលីដា ភីអិលស៊ី។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការចាប់ដៃគូសហប្រតិបត្ដិការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នេះ ដើម្បីបម្រើសេវាបើកប្រាក់បៀវត្សរ៍ជូនដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរ តាមរយៈសេវាធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយបញ្ចូលទឹកប្រាក់ក្នុងគណនីប្រាក់បៀវត្សរ៍របស់កម្មករ-កម្មការិនីដោយប្រព័ន្ធអេឡិចត្រូនិក និងផ្តល់ភាពងាយស្រួលឆាប់រហ័សមានសុវត្ថិភាពខ្ពស់ចៀសវាងនូវហានិភ័យផ្សេងៗ និងចំណេញពេលវេលាក្នុងការបើកប្រាក់បៀវត្សរ៍ដល់បងប្អូនកម្មករ-កម្មការិនី។
លោកបណ្ឌិតបានបន្ដថា តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារនឹងផ្តល់មធ្យោបាយបើកប្រាក់បៀវត្សរ៍ងាយស្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់កម្មករ-កម្មការិនីនៃរោចក្រកាត់ដេរដែលជាសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
លោកបណ្ឌិតបានបន្ដថា កម្មករ-កម្មការិនី អាចបើកប្រាក់បៀវត្សរ៍តាមរយៈអេស៊ីលីដា យូនីធីទាន់ ចិត្ត (ACLEDA Unity ToanChet) អេធីអឹម (ATM) គ្រប់ពេលវេលា ២៤ម៉ោងក្នុង១ថ្ងៃ និង ៧ថ្ងៃក្នុង១ សប្តាហ៍ ឬបញ្ជរបេឡានៅតាមការិយាល័យសាខាធនាគារ អេស៊ីលីដា ភីអិល ស៊ី គ្រប់ខេត្ត-ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជារៀងរាល់ម៉ោងធ្វើការដោយមិនគិតថ្លៃសេវា។ ជាងនេះទៅទៀត តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្តកម្មករ-កម្មការិនីអាចធ្វើការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ ឬបងប្អូន, បង់ថ្លៃប្រើប្រាស់ទឹក-ភ្លើង, ទិញកាតទូរស័ព្ទ, ពិនិត្យមើលទឹកប្រាក់ក្នុងគណនី និងប្រតិបត្តិការផ្សេងៗជាច្រើនទៀត រួមទាំងការទូទាត់ ថ្លៃទិញទំនិញ និងសេវាកម្ម នានាតាមរយៈឃ្យូអរកូដ ដែលមាននៅតាមទីតាំងដៃគូ ទាន់ ចិត្តរបស់ធនាគារអេស៊ីលីដាប្រមាណជាង១៦.០០០ ដៃគូ នៅទូទាំងប្រទេស ដោយមិនគិត ថ្លៃសេវា ។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានឱ្យដឹងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជួយដល់កម្មករ-កម្មការិនីយ៉ាងច្រើន ហើយផ្ដល់នូវសុវត្ថិភាពខ្ពស់ និងឆាប់រហ័ស។
លោកបញ្ជាក់ថា«ពេលកម្មករប្រើប្រាស់សេវាធនាគារអេស៊ីលីដា ភីអិលស៊ីបងប្អូនកម្មករ-កម្មការិនីអាចចំណេញបានច្រើនដោយអាចធ្វើការចាត់ចែងសាច់ប្រាក់ និងធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តបានគ្រប់ពេលវេលាគ្រប់ទីកន្លែង»៕
អត្ថបទ៖ ហៃ សិរី