
ហៃ សិរី
ខេត្តព្រះសីហនុ: មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ កាលពីថ្ងៃទី ២៥ វិច្ឆិកាបានអះអាងថា ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៨នេះ មានចំនួនសរុប ៦៣.០០០នាក់ ថយចុះ ២៥,៨៨ភាគរយ។
ក្នុងនោះភ្ញៀវជាតិមានចំនួន ៥០.២៣០នាក់ ថយចុះ ៣២,០៧ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន ១២.៧៧០នាក់ កើនឡ;ង ១៥,៥៦ភាគរយ។
លោក វ៉េង ស៊ីសុវង្ស អនុប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុឲ្យដឹងថា ភ្ញៀវទេសចរបានទៅកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ មានចំនួន ៦.៤៨៩នាក់ ស្រីចំនួន ២.៨៥៥នាក់ កើនឡើង ៨,៣៦ភាគរយ ក្នុងនោះភ្ញៀវជាតិចំនួន ៣.០០១នាក់ ស្រី ១.២៣៥នាក់ ថយចុះ ៨៧,៨៩ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន ៣.៤៨៨នាក់ ស្រី ១.៧០០នាក់ កើនឡើង ២៧,៧០ភាគរយ ។
លោកបន្តថា ភ្ញៀវទេសចរចូលតាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួន ៥.៤០០នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៥០នាក់ និងបរទេស ៥.៣៥០នាក់ ។
ក្នុងនោះ ភ្ញៀវទៅកម្សាន្តតាមរមណីយដ្ឋាននានាមានដូចជា៖ រមណីយដ្ឋានក្បាលឆាយ ក្រុងព្រះសីហនុមានចំនួន ៤.៧៩៥នាក់ ក្នុងនោះភ្ញៀវបរទេស ៦០នាក់ ស្រី ១៧នាក់ ។ រមណីយដ្ឋានថ្មរូង ស្រុកកំពង់សិលាមានភ្ញៀវសរុប ១៨៨០នាក់ ស្រី ៥៦៤នាក់ បរទេស ២៧ នាក់ ។ -រមណីយដ្ឋានពិចនិច ស្រុកកំពង់សិលាមានចំនួន ១.៨៥០នាក់ ក្នុងនោះភ្ញៀវបរទេស ៣៣០នាក់ ស្រី ១០០នាក់ ។
លោកបញ្ជាក់ថា ចំពោះការងារសន្តិសុខ និងសុវត្ថិភាពទេសចរណ៍មានលក្ខណៈ ល្អប្រសើរ ដោយមានការយកចិត្ដទុកដាក់ និងរៀបចំផែនការគ្រប់គ្រងយ៉ាងហ្មត់ចត់ ពីគណៈបញ្ជាការឯកភាពខេត្ដ ដោយមានការចូលរួម ដូចជាស្នងការនគរបាលខេត្ដ និងកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ។ ចំពោះបរិស្ថាន និងអនាម័យនៅតាមតំបន់រមណីយដ្ឋានសាធារណៈ យើងសង្កេតឃើញមានលក្ខណៈល្អ ដោយសារតែម្ចាស់អាជីវករ និងភ្ញៀវទេសចរបានចូលរួមសហការវេចខ្ចប់ទុកដាក់សំរាមតាមទីតាំងបានត្រឹមត្រូវ៕