
សៀមរាប៖ តំណាងក្រសួងទេសចរណ៍អាស៊ាន សមាគមស្ប៉ានៃបណ្ដាប្រទេសអាស៊ាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការតាមដាន និងត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC)ដើម្បីបន្តរៀបចំស្តង់ដាកម្មវិធីបណ្ដុះបណ្ដាលជំនាញស្ប៉ាអាស៊ានចាប់ពីថ្ងៃទី២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំថា ក្រសួងទេសចរណ៍កម្ពុជាមានភាពជឿនលឿនលើការអភិវឌ្ឍធនធានមនុស្ស ស្របតាមយន្តការ និងស្តង់ដាអាស៊ាន ប្រទេសជាសមាជិកអាស៊ានបានស្នើឲ្យកម្ពុជាដឹកនាំរៀបចំស្តង់ដាបណ្ដុះបណ្ដាលជំនាញស្ប៉ាអាស៊ាន សម្រាប់អនុវត្តក្នុងប្រទេសអាស៊ានទាំងអស់។
លោកបន្តថា ស្តង់ដានេះ នឹងត្រូវដាក់បញ្ចូលជាឧបសម្ព័ន្ធបន្ថែមនៃកិច្ចព្រមព្រៀងទទូលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA TP) ដែលមានគោលបំណងសម្រួលឲ្យអ្នកជំនាញទេសចរណ៍មានសមត្ថភាពស្របតាមស្តង់ដាអាស៊ានចំនួន ៣២មុខ ក្នុងសេវាកម្មសណ្ធាគារ និងសេវាកម្មធ្វើដំណើរ អាចបម្លាស់ទីការងារក្នុងតំបន់ស្របតាមច្បាប់ និងយន្តការរួមអាស៊ាន។
លោក ប៉ាក់ សុខុម បានរំលឹកថា ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ២០១៧-២០២៥ ក្រសួងបានដាក់ចុះការបណ្ដុះបណ្ដុះក្នុងទម្រង់ជា ការបណ្ដុះបណ្ដាលដំបូង (Initial Training) ការបណ្ដុះបណ្ដាលបន្ត (Continuous Training ) វគ្គវិក្រិត្យការ (Refresher Training) ការបណ្ដុះបណ្ដាលខាងក្នុង (In-House Training) កម្មវិធីហ្វឹកការងារ (Apprenticeship Program) ការវាយតម្លៃការសិក្សា និងបទពិសោធន៍ពីមុន (Recognition of Prior Learning) ហើយកំពុងរៀបចំកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍សម្រាប់ថ្នាក់ទី១០ ១១ និង១២ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
នាពេលថ្មីៗនេះ ក្រសួងទេសចរណ៍ក៏បានរៀបចំ និងដាក់ឲ្យប្រើប្រាស់ស្តង់ដាសមត្ថភាពស្ប៉ា និងសុខុមាលភាពកម្ពុជារបស់ខ្លួន នៅតាមសាលាបណ្តុះបណ្តាលវិជ្ជាវៈទេសចរណ៍នានា ដើម្បីលើកកម្ពស់គុណតម្លៃជំនាញស្ប៉ានេះ។ ទន្ទឹមនឹងនេះ បានបណ្ដុះបណ្ដាលបំប៉នសមត្ថភាពអ្នកជំនាញម៉ាស្សាកំពុងធ្វើការ ជាច្រើនពាន់អ្នកផងដែរ។
ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិនាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍បានបង្កើតការងារផ្ទាល់រហូតមកដល់បច្ចុប្បន្នបានប្រមាណជាង ៦២ ម៉ឺននាក់ ស្មើនឹង១៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ១លាននាក់ ឆ្នាំ២០២៥ ប្រមាណ ១.២លាននាក់ និង ឆ្នាំ២០៣០ បានចំនួន ២លាននាក់ ដោយមិនគិតពីការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត៕
ហៃ សិរី