
ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានជំរុញប្រទេសជប៉ុន និងកូរ៉េ ធ្វើការវិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលផ្សេងទៀតមានដូចជា ស្រូវ ពោត សណ្តែក និងឈើហូបផ្លែ ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារ និងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានអតិបរមា។
សំណើរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងនាឱកាសដឹកនាំប្រតិភូចូលរួមកម្មវិធី “A Small-Business-Group Seated Dinner” រៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ក្នុងគោលបំណងចែករំលែកព័ត៌មានផ្សេងៗ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និងទេសចរណ៍។
កម្មវិធីនោះ ត្រូវបានដឹកនាំដោយលោក Manatsu ICHINOKI អគ្គលេខាធិការនៃលេខាធិការដ្ឋាន គណៈកម្មការរៀបចំពិព័រណ៍ពិភពលោកជប៉ុន ឆ្នាំ២០២៥ និងមានការចូលរួមពីអង្គទូតនៃប្រទេសបារាំង កូរ៉េ ប៊ែលហ្សិក និងបុគ្គលិកលេធិការដ្ឋាន ប្រមាណជាង ១៥នាក់។
តាមគេហៈទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា លោករដ្ឋមន្ត្រី បានជម្រាបជូនលោកអគ្គលេខាធិការ និងមន្ត្រីអង្គទូតទាំងអស់អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផលិតផលអទិភាពសម្រាប់ធ្វើការអភិវឌ្ឍចង្វាក់តម្លៃ និងធ្វើពិពិធកម្មនាំចេញ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ជំនាន់ទី៣ ឆ្នាំ២០១៤-២០១៨ ហើយបច្ចុប្បន្នយុទ្ធសាស្ត្រនេះ កំពុងត្រូវបានរៀបចំឡើងវិញ ដើម្បីឱ្យមានស្ថេរភាពជាមួយគោលនយោបាយជាតិដ៏ទៃទៀត។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានពន្យល់ភ្ញៀវកិត្តិយសទាំងអស់ អំពីអត្ថប្រយោជន៍នៃគោលនយោបាយគាំពារវិនិយាគរបស់កម្ពុជា និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាលើកលែងពន្ធលើប្រាក់ចំណេញ និងពន្ធលើការនាំចូលសម្ភារៈ និងឧបករណ៍កសិកម្ម ក៏ដូចជាសក្តានុពលនៃវិស័យវប្បធម៌ និងទេសចរណ៍ធម្មជាតិ។
លោកអគ្គលេខាធិការជប៉ុន និងមន្ត្រីអង្គទូតទាំងអស់បានសន្យាពាំនាំយកសំណើរបស់លោករដ្ឋមន្ត្រី ទៅជម្រាបរដ្ឋាភិបាលរបស់ខ្លួន ព្រមទាំងជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិស័យឯកជនថែមទៀត ដើម្បីចូលទៅបណ្តាក់ទុនកាន់ច្រើននៅក្នុងប្រទេសកម្ពុជា៕
ហៃ សិរី