កិច្ចប្រជុំ IPM លើក​ទី៣ទាក់ទាញ​ប្រទេស​ចំនួន ១៩០ ចូលរួម​ព្រឹត្តិការណ៍​ពិ​ពណ៍​ពិភពលោក​ឌុយ​បៃ​ឆ្នាំ២០២០

ទីក្រុង​ឌុយ​បៃ៖ ប្រទេស​ចំនួន ១៩០ បាន​បញ្ជាក់ថា ខ្លួន​នឹងចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​ឆ្នាំ​២០២០។ នេះ​បើតាម​ការអះអាង​របស់​លោកស្រី REEM Al Hashimy រដ្ឋមន្ត្រីក្រសួង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិភពលោក​នៃ​ប្រទេស​សហភាព​អារ៉ាប់​រួម (UAE)។

នៅក្នុង​កិច្ចប្រជុំ “International Participants Meeting (IPM)” លើក​ទី៣ ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី REEM Al Hashimy បាន​គូសបញ្ជាក់ថា មកទល់ពេលនេះ មាន​ប្រទេស​ចំនួន ២០ បាន​ចុះ​កិច្ចព្រមព្រៀង​ទទួលយក​ទីតាំង និង​ទំហំ​ពន្លា​ជាតិ ដើម្បី​ចូលរួម​បង្ហាញ​សក្តានុពល​វប្បធម៌ ទេស​ច​រ​ណ៍ និង​នវានុវត្តន៍ (គំនិត​ច្នៃប្រឌិត​ថ្មី) នៅក្នុង​ពិព័រណ៍​ពិភពលោក​ដែល​គ្រោង​នឹង​រៀបចំ​ចាប់ពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ បាន​សំណូមពរ​រដ្ឋាភិបាល​ប្រទេស​សហភាព​អារ៉ាប់​រួម ជួយ​សម្រួល​ទិដ្ឋាការ​ដល់​មន្ត្រី និង​វិស័យ​ឯកជន​កម្ពុជា ដើម្បី​ចូល​រួម​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ ឆ្នាំ២០២០ ដោយសារតែ​កម្ពុជា មិនទាន់មាន​ស្ថានទូត​សហភាព​អារ៉ាប់​រួម​នៅឡើយ។

ជាការ​ឆ្លើយតប លោកស្រី​រដ្ឋមន្ត្រី​បាន​សន្យា​ជួយ​សម្របសម្រួល​ដំណើរ​ការចេញ​ទិដ្ឋាការ ជូន​ប្រទេស​កម្ពុជា និង​ប្រទេ​ស​​ចូលរួម​ទាំងអស់​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក (e-Visa) ទាំង​ការ​ស្នាក់នៅ​សម្រាប់​រយៈពេល​ខ្លី និង​រយៈពេល​វែង។ ដោយឡែក ចំពោះ​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​ការ​រចនា (ឌី​ហ្សា​ញ) និង​ការសាងសង់​ពន្លា​ជាតិ​លោកជំទាវ​រដ្ឋមន្ត្រី បានស្នើ​តំណាង​ប្រទេសនីមួយៗ ធ្វើការ​ពិភាក្សា​ទ្វេភាគី​ជាមួយ​អ្នកគ្រប់គ្រង បច្ចេកទេស​ប្លង់ នៅ​ថ្ងៃ​ប្រជុំ​បន្ទាប់។

សូមជម្រាបថា កិច្ចប្រជុំ IPM លើក​ទី៣ មានការ​ចូលរួម​ពី​ប្រមុខរដ្ឋ រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី អង្គទូត និង​មន្ត្រីជាន់ខ្ពស់ តំណាងឱ្យ​ប្រទេស​ចំនួន ១៨០ លើ​ពិភពលោក ហើយ​ប្រធានបទ ដែល​បាន​លើក​យកមក​ពិភាក្សា ផ្តោត​សំខាន់​លើ​ការ​រៀបចំ​រចនា​ពន្លា​ជាតិ (Pavilion Design) ការសាងសង់​ពន្លា​ជាតិ (Pavilion Construction) ការគ្រប់គ្រង និង​ការ​​ប្រតិបត្តិការ​ពន្លា​ជាតិ (Pavilion Operation and Management)។ លើសពីនេះ កិច្ចប្រជុំ ក៏បាន​ពិភាក្សា​ពី​គម្រោង​ពាក់ព័ន្ធ និង​ដំណើរ​ការរៀបចំ​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ ឆ្នាំ២០២០ផងដែរ៕

ហៃ សិរី