រដ្ឋមន្ដ្រី​ជំរុញ​ឲ្យ​រោងចក្រ​កែច្នៃ​ដំឡូង​មី​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​តាម​គោលការណ៍

ខេត្តក្រចេះ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេ​ង សាខុន កាលពី​ម្សិលមិញ​បានស្នើ​ឲ្យ​ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សម្រេចបាន​តាម​ការគ្រោង​ទុក ក្នុង​ការ​បើក​​ដំណើរការ​កែច្នៃ​ដំឡូង​មី​ឲ្យ​បាន​ទាន់ពេលវេលា​ក្នុង​រដូវ​កាល​ប្រមូល​ផល​ដំឡូង​មី។

ការ​ថ្លែង​នេះ ក្នុង​ឱកាសលោក វេ​ង សាខុន ទៅពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មីរ​បស់​ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ដែលមាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ហុងកុង ហើយ​បាន​កំពុង​សាងសង់​លើ​ផ្ទៃដី​ជាង២០ហិកតា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្រុក​ស្នួល ខេត្តក្រចេះ។

លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល ដែល​ក្រុមហ៊ុន​សម្រេចបាន និង​លោក​បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​​ក្រុមហ៊ុន​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សម្រេច បាន​តាម​ការគ្រោងទុក ក្នុង​ការបើក​ឲ្យ​ដំណើរការ​នៃ​ការកែច្នៃ​ដំឡូង​មី​ឲ្យ​បាន​ទាន់ពេលវេលា​នៃ​រដូវ​ប្រមូល​ផល​ដំឡូង​មី។

លោក​បាន​គូសបញ្ជាក់ថា នេះ​គឺជា​សមិទ្ធិផល​ថ្មី​មួយទៀត ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​តាមរយៈ​ក្រសួងកសិកម្ម ស្រប​តាម​ការអនុវត្ត​គោលនយោបាយ វិនិយោគ​វិស័យ​ឯកជន ក្នុងការ​កែច្នៃ​វត្ថុធាតុដើម ទៅជា​ផលិតផល សម្រេច​សម្រាប់ធ្វើ​ការនាំ​ចេញ ហើយ​នេះ គឺជា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​មួយ ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ ជំរុញ​ផលិតកម្ម​ក្នុងស្រុក ស្វែងរក​ទីផ្សារ​ដំឡូង​មី ជូន​ប្រជាកសិករ ដោយ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា។

រោងចក្រ​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ។ បច្ចុប្បន្ន​ការសាងសង់​ស​ម្រេច​ បាន​ប្រមាណ​ជា ៧៥% ហើយ​គ្រោង​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅក្នុង​អំឡុង​ខែធ្នូ ឆ្នាំ២០១៩។

នេះ​គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Green Leader Holding Group Limited ដែល​បាន​ចុះបញ្ជី​សា​ធារ​ណៈ ក្នុង​ក្រុមប្រឹក្សា​ផ្សារ​ហ៊ុន​ហុងកុង ដោយបាន​ដាក់ទុន​វិនិយោគ​ជាង២០លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​រោង​ចក្រ​​កែច្នៃ​ដំឡូង​មី ដែលមាន​សក្តានុពល​កែច្នៃ​ជា​ម្សៅ បាន​ចំនួន១៣០ពាន់​តោន​ក្នុង១ឆ្នាំ និង​អាច​ស្រូបយក​វត្ថុ​ធា​តុ​ដើម​​ដំឡូង​មី ចំនួន៥០០ពាន់​តោន ហើយ​ក្នុងអំឡុងពេល៥ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​គម្រោង សាងសង់​រោងចក្រ​ឲ្យ​បាន​២០ទូទាំងប្រទេស ហើយ​នេះ​គឺជា​សមិទ្ធផល​ទី០១៕