មន្ត្រីជាន់ខ្ពស់​ក្រសួង​ទេស​រណ៍​ពិនិត្យមើល​តំបន់ភ្នំ​ដងរែក ដើម្បី​រៀបចំ​កីឡា​ទេសចរណ៍​ថ្មី​មួយទៀត

ខេត្តបន្ទាយមានជ័យ: រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន កាលពី​ថ្ងៃទី ០២ ធ្នូ​នេះ បាន​ដឹកនាំ​ប្រតិភូ និង​មន្ត្រី​ខេត្ដ​ចុះទៅពិនិត្យ​សិក្សា​តំបន់​ព្រំដែន អន្តរជាតិ​ជាំ​ស្រ​ងាំ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ឲ្យ​បាន​ច្រើន​នា​ឆ្នាំ២០១៩ខាងមុខនេះ។

លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ឲ្យ​បាន​ច្រើន​នា​ឆ្នាំ២០១៩ ខាង​មុខ​នេះ លោក​បាន​ដឹកនាំ​អ្នកជំនាញ​មក​ពិនិត្យមើល​ស្ថានភាព​នៅ​តំបន់​អន្លង់វែង ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរ​មួយ ដែល​ភ្ជាប់​ទៅនឹង​ផលិតផល​ទេសចរណ៍ផ្សេងៗទៀត ជាពិសេស​គឺ​តំបន់​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍ធំៗ ដែល​មាន​ភាព​ទាក់ទាញ។

លោក​បន្តថា ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចុះមក​ពិនិត្យ មើល​នៅ​តំបន់​អន្លង់វែង​នេះ ដែលជា​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​មាន​សារៈសំខាន់​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ដោយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចង់ដឹង ចង់​ឃើញ។

លោក​បញ្ជាក់ថា៖“យើង​បាន​ឯកភាពគ្នា​ជាមួយ​សហគមន៍ មន្ទីរ​ទេសចរណ៍​នៅទីនេះ ដែល យើង​អាច​រៀបចំ​ទិវា​កីឡា​ទេសចរណ៍​បាន​ដោយ​នឹង​អាច​រៀបចំ​សកម្មភាព​កីឡា និង​អប់រំ​ផ្សព្វ ផ្សាយ ពី​សារៈសំខាន់​នៅ​តំបន់​នេះ។ យើង​នឹង​រៀប​ចំ​​ការរត់​ប្រណាំង ឬ​ការដើរ​ដោយ​ដំបង ឡើង​ភ្នំ។

លោក​បាន​គូសបញ្ជាក់ថា៖“យើង​នឹង ធ្វើការ​ជាមួយ​អាជ្ញាធរ​ស្រុក-ខេត្ត​បន្ថែមទៀត ដើម្បី​សហប្រតិបត្តិ​គ្នា​ធ្វើ​កិច្ចការ នៃ​ការចាប់ផ្តើម មួយ​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​ល្អ ដែល​ចង់​ទៅលើ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ការអប់រំ ផ្សព្វផ្សាយ​អំពី​ទីតាំង​ចុងក្រោយ​នៃ​ប្រវត្តិសាស្ត្រ​របប​ខ្មែរក្រហម នៅទីនេះ។

គម្រោង​នេះ គឺ​យើង​ចង់​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​ជាមួយ​គណៈ​ប្រជាជន​កម្ពុជា ក្នុងការ​រៀបចំ​ទិវា​កីឡា​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៤០នៃ​ទិវា​ជ័យជម្នះ៧មករា។ ក្រៅពី​កីឡា យើង​នឹង​រៀបចំ​កម្មវិធី​សម្តែង​នានា​ពាក់​ពាន់​នឹង របប​ខ្មែរក្រហម​នេះ​ផងដែរ”

សូមបញ្ជាក់ថា តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​នឹង​ក្លាយជា​តំបន់​កីឡា​ទេស ចរណ៍​ប្រចាំឆ្នាំ​ថ្មី​មួយទៀត ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទិវា​កីឡា នៅ​តំបន់​នេះ​នឹងត្រូវ​បានរៀបចំ មុន​ខួប​អនុស្សាវរីយ៍ ៧មករា ឆ្នាំ២០១៩ ខាងមុខនេះ៕

ហៃ សិរី