ហ្វាំងឡង់ ​​ត្រូវការពលករបេះផ្លែឈើជាច្រើននាក់ ខណៈកម្ពុជាកំពុងពិចារណា​បញ្ជូន​ពលករ​ខ្មែរទៅ​

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេស​ហ្វាំងឡង់ កំពុង​ត្រូវការពលករបេះផ្លែឈើតាមរដូវកាលនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជួយ​សម្រាលកម្លាំងពលរដ្ឋ។ លើសពីនេះ ​គ្រោ​ងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងការទូត និង​ពង្រី​កកិ​ច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជាឲ្យកាន់តែប្រសើរថែមទៀត។

​លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានថ្លែងក្នុងជំនួបជាមួយតំណាង​រដ្ឋាភិបាល​ហ្វាំងឡង់កាលពី​ថ្ងៃ​ទី០៧ ខែតុលានេះឲ្យដឹងថា រដ្ឋាភិបាល​​ហ្វាំងឡង់ គ្រោ​ងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា ដើម្បីពង្រឹង​ទំនាក់ទំ​នង​កា​រទូត និងពង្រីកកិច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជាឲ្យ​កាន់តែប្រសើរថែមទៀត។

លោកបន្តថា រដ្ឋាភិបាល​ហ្វាំងឡង់ ​កំពុងមានតម្រូវ​ការពលករបេះផ្លែឈើតាមរដូវកាលជាច្រើននាក់ ដើម្បីជួយការងារ​កសិ​កម្ម​ប្រទេសនេះ។ ជាពិសេសកម្ពុជា នឹងសិក្សា ពិចារណា ដើម្បី​​ជួយរកការងារជូនពលករខ្មែរជាច្រើននាក់បន្ថែមទៀតនៅ​ទី​នោះ​។ ​

លោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ ​បាន​បង្ហើប​ពីគម្រោង​ផ្តល់​ជំ​នួ​យ​ប​ច្ចេ​ក​ទេស និងស​ម្ភារៈ​ដ​​​ល់កម្ពុជា ដើម្បីកសាងសមត្ថភាពគ្រូបង្រៀនតាមប្រព័ន្ធ​អនឡាញ និងគម្រោង​កែច្នៃសំ​រាម​ទៅ​ជាថា​​ម​​ព​លអគ្គិសនី (Wa​s​t​e Energy)​។

ជាការឆ្លើយតប លោក អ៊ូក សោភ័ណ បាន​ស្វាគមន៍ចំពោះគម្រោងខាងលើ និងបានលើកឡើងពីទំនាក់ទំនងទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការល្អរវាងកម្ពុជា និងហ្វាំងឡង់។ ​លោក​ឯកអគ្គរាជទូត បានសន្យាផ្តល់ការគាំទ្រអស់ពីលទ្ធភាព និង​ស្នើ​សុំ​​សមភាគី​ហ្វាំងឡង់ ជំរុញគម្រោងខាងលើឲ្យ​បានឆាប់រហ័ស ដើម្បីនាំយកឧត្តមប្រយោជន៍ជូនប្រជាជន និងប្រទេ​ស​ជា​តិ​៕