កម្ពុជា គ្រោងសាងសង់កំពង់ផែទេសចរណ៍តាមផ្លូវទឹក នាពេលខាងមុខឆាប់ៗ

ថ្លែងក្នុងពិធី សម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ដែលសួនកំសាន្តខ្នាតអន្តរជាតិដ៏ធំជាងគេរបស់កម្ពុជា កាលពីថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២០សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា កម្ពុជា គ្រោងសាងសង់កំពង់ផែទេសចរណ៍តាមផ្លូវទឹក នាពេលខាងមុខឆាប់ៗនេះ។

សម្តេច នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បានបង្ករនូវផលប៉ះពាល់ដល់យើងមែន តែកូវីដ-១៩មិនអាចរារាំងដល់ការអភិវឌ្ឍយើង និងសម្លាប់យើងបាននោះទេ។ សម្តេចបន្តថា វិស័យទេសចរណ៍ ក្នុងវិបត្តិកូវីដនេះ គឺភ្ញៀវទេសចរមិនអាចចេញទៅកម្សាន្តនៅក្រៅប្រទេសនោះទេ ដូច្នេះហើយជាឱកាសដែលអោយពួកគាត់បានដើរកម្សាន្តក្នុងតំបន់ទេសចរណ៍ក្នុងស្រុក ដែលជាការផ្តល់ចំណូលក្នុងវិស័យនេះ។

ជាក់ស្តែង សម្តេចក៏បានមានប្រសាសន៍លើកឡើងថា គ្រាន់តែថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ៩ថ្ងៃ មានភ្ញៀវទេសចរដើរលេងក្នុងស្រុងប្រមាណ១លាន៦សែននាក់ ទៅតាមកន្លែងទេសចរណ៍សំខាន់ៗ។ ហេតុនេះ សម្តេច បញ្ជាក់ថា យើងកំពុងជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងស្រុកអោយបានច្រើន ជាពិសេសត្រូវខិតខំបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ចយើងនាពេលខាងមុខ។

សម្តេច បានបន្តថា នៅទីនេះ ពេលខាងមុខនឹងមានការរៀបចំជាកំពង់ផែទេសចរណ៍ផងដែរ ព្រោះភ្លៀវទេចរណ៍អាចធ្វើដំណើរតាមផ្លូវទឹក។ ដូច្នេះសម្តេចសូមអោយក្រសួងសាធារណការ និងក្រសួងទេសចរណ៍ ត្រូវសិក្សាពីគម្រោងនេះ បើមានការសំណូមពរអោយមានការសាងសង់កំពង់ផែនាពេលខាងមុខនោះ។

យ៉ាងណា សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាខ្លាំង និងអាចធ្វើបានក្នុងវិបត្តិកូវីដនេះមាន២ គឺទី១) ការមិនក្ស័យធន , ការរក្សាការងារបានដល់ពលរដ្ឋទាំងរដ្ឋ និងឯកជន។ ទី២ឳ កម្ពុជានៅតែបន្តបើករោងចក្រថ្មី ជាបន្តបន្ទាប់ ជាពិសេសឧស្សហកម្មធុនស្រាល៕ អត្ថបទ៖ ពិសី