ស្ពាន១ខ្សែតម្លៃជិត៤០លានដុល្លារ ភ្ជាប់ពីកោះពេជ្រទៅកោះនរា នឹងចាប់ផ្តើមសាងសង់នៅចុង ខែតុលា

ស្ពានបេតុងខ្សែកាប តម្លៃ៣៨លានដុល្លារ ភ្ជាប់ពីកោះពេជ្រទៅកោះនរា នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៦ខែតុលានេះ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ស្ពានបេតុងខ្សែកាប១ខ្សែ ដែលឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក។

ការឲ្យដឹងរបស់សម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៧ ខែតុលា កន្លងទៅបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី២៦នេះខ្ញុំទៅបើកការដ្ឋានទៀត។ បើកការដ្ឋានកសាងស្ពាន តភ្ជាប់កោះពេជ្រជាមួយកោះនរា»។

តាមរយៈសមិទ្ធផលជាបន្តបន្ទាប់នេះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា អះអាងជាថ្មីថា ឧបសគ្គទាំងឡាយមិនអាចបង្អាក់ការអភិវឌ្ឍកម្ពុជាបានទេ។


យោងតាមរបាយការណ៍របស់ក្រុមហ៊ុន OCIC បានបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា គឺតួស្ពានបេតុងខ្សែកាប និងផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨២៤ម៉ែត្រ ។

សូមជម្រាបដែរថា ក្រៅពីកសាងស្ពានភ្ជាប់ពីកោះពេជ្រទៅកោះនរា ក្រុមហ៊ុន OCIC ក៏បានបង្ហាញគម្រោង ស្ពានបេតុងភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១ផងដែរ ៕