សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសឲ្យសមាជិកខ្លួនជួយទិញស្រូវសើមពីកសិករ

សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ខណៈដែលកម្ពុជាកំពុង ជួបបញ្ហាទឹកជំនន់ នៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២០នេះ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសឲ្យសមាជិកខ្លួនជួយទិញស្រូវសើមពីកសិករក្នុងតម្លៃសមរម្យ។

សេចក្តីអំពាវរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ដោយស្ថានភាពនៃគ្រោះទឹកជំនន់នាពេលបច្ចុប្បន្នមានការកើនឡើងយ៉ាងគំហុកនៅតាមបណ្តាខេត្តមួយចំនួននៃតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ដែលជាហេតុបង្ករឱ្យមានផលប៉ះពាល់ខ្លាំងទៅដល់ស្រូវដែលកំពុងនឹងត្រូវប្រមូលផលនាពេលខាងមុខ ហើយស្របពេលមានការផ្អាកចរាចរណ៍នៃរថយន្តធំៗសម្រាប់ដឹកទំនិញ រួមទាំងស្រូវផងដែរ។

អាស្រ័យដូចនេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់សាមាជិក សមាជិកាដែលមានរោងមាស៊ីនកិនស្រូវដែលនៅជិតទីតាំងស្រែ សូមជួយធ្វើការទិញស្រូវសើមពីប្រជាកសិករក្នុងតម្លៃសមរម្យឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ថា សម្រាប់ប្រជាកសិករដែលកំពុងជួបបញ្ហាប្រឈមទាំងនេះសូមទំនាក់ទំនងមកកាន់លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈលេខទូរស័ព្ទ ០១៧ ៧២៨ ៧២៨/០១២ ២២១ ២៥៤/ ០១០ ២២១ ២៥៤៕