កម្ពុជា-ឡាវ ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី និង​ឯកភាពគ្នា​សង់ស្ពាន​ត​ភ្ជាប់​ពី​ខេត្តព្រះវិហារ និង​ខេត្ត​ចំប៉ា​ស័ក្ដិ

ប្រទេស​ឡាវ៖ រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​ឡាវ បាន​កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី និង​បាន​ឯកភាពគ្នា សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ខេត្តព្រះវិហារ​របស់​កម្ពុ​ជា និង​ខេត្ត​ចំប៉ា​ស័ក្តិ របស់​ប្រ​ទស​ឡាវ ដើម្បី​ជា​ប្រយោជន៍​ដល់​ការធ្វើដំណើរ​រវាង​ប្រជាជន​ទាំងសងខាង។

សមិទ្ធផល​ថ្មី​នេះ​ត្រូវបាន​បញ្ជាក់​ដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នា​យ​ករដ្ឋមន្ត្រី​ឡាវ នៅ​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​តេ​ជោ ហ៊ុន សែន។

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា៖«ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​គួរតែ​ត្រូវបាន​សប្បាយរីករាយ អំបាញ់មិញ​មានការ​ចុះហត្ថលេខា​ទិញ​អគ្គិសនី​ពី​ឡាវ ទៅ​ផ្គត់ផ្គង់​នៅ​កម្ពុជា អាចជា​ផ្នែក​មួយ​យ៉ាង​សំ​ខាន់​​នៃ​កិច្ចសហប្រតិបត្តិការ នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អគ្គិសនី ដែល​ទិញ​ពី​ឡាវ​ទៅ​ផ្គត់ផ្គង់​នៅ​កម្ពុជា។ ក្រៅពី​ការ​តភ្ជា​ប់​​អគ្គិសនី យើង​បាន​ឯកភាពគ្នា លើ​ការតភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេ ភ្ជាប់​ពី​ខេត្តព្រះវិហារ និង​ខេត្ត​ចំប៉ា​ស័ក្តិ ដែល​ផ្តល់​ឱ​កា​ស​ឲ្យ​ប្រជាជន​ទាំងសងខាង ងាយស្រួល​ក្នុង​ការធ្វើទំនាក់ទំនង​គ្នា»

ក្នុងឱកាស​នោះ​កម្ពុជា-ឡាវ​ក៏មាន​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ពាក់ព័ន្ធ​នឹង​ការបង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​នៃ​ទាំងពីរ​លើ​ការងារ​បង្កាត់​ពូជ​ដំរី​ផងដែរ។

សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុ​ជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រ​ទស​ឡាវ រយៈពេល២ថ្ងៃ ចាប់ពី​ថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨៕