
ខេត្តសៀមរាប: បន្ទាប់ពីអាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងផ្សាររៀបចំសណ្ឋាប់ ធ្នាប់ បរិស្ថាន ចុះទៅធ្វើអនាម័យ ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងខេត្តសៀមរាប នឹងក្លាយជាផ្សារគំរូ យកតាមស្តង់ដារផ្សារស្អាត ខណៈដែលផ្សារនេះ សាងសង់រួចរាល់ជាស្ថាពរ ដែលគ្រោងអនុញ្ញាតឱ្យអាជីវកចូលលក់ដូរក្នុងផ្សារវិញ។
អាជ្ញាធរក្រុងសៀមរាប និងគណៈកម្មការគ្រប់គ្រងផ្សារសម្តេចតេជោ ហ៊ុន សែន ដើម ក្រឡាញ់ កាលពីថ្ងៃទី០២ ខែធ្នូនេះ បានចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីចូលរួមលើកកម្ពស់សោភណភាព នៅតាមដងផ្លូវមុខផ្សារ និងនៅជុំវិញផ្សារ បន្ទាប់ពីផ្សារនេះសាងសង់រួចរាល់ជាស្ថាពរ ដោយអនុញ្ញាតឱ្យអាជីវកចូលក្នុងផ្សារវិញទាំងអស់។
លោក ពៅ សារ៉ាវុធ អភិបាលរងក្រុងសៀមរាបបានឱ្យដឹងថា ផ្លូវនៅមុខនិងជុំវិញផ្សារ សម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ដោយសារប្រមាណជា៣ឆ្នាំកន្លងមកនេះ ត្រូវសាងសង់អគារថ្មី ហើយអាជីវកបានលក់ដូរលើទីតាំងបណ្តោះ អាសន្ននៅជុំវិញផ្សារដែលធ្វើឱ្យស្ថានភាពនៃការធ្វើចរាចរណ៍កកស្ទះជាប្រចាំ ពីព្រោះអាជីវករដាក់តាំងលក់ដូរ រំលោភលើ ចំណីផ្លូវ ដែលជាបញ្ហាស្មុគស្មាញពិបាកនឹងដោះស្រាយ។
លោកបន្ដថា ប៉ុន្តែឥឡូវនេះ ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់បានសាងសង់រួចរាល់ជាស្ថាពរ ហើយអាជ្ញាធរ ក្រុងសៀមរាបបានជូនដំណឹងឱ្យអាជីវករុះរើរោងរាន តូប និងសម្ភារប្រើប្រាស់ចូលលក់ក្នុង ផ្សារវិញអស់ហើយ។ ទន្ទឹមនេះ អាជ្ញាធរបានចាប់ធ្វើរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីសោភណភាពនៅតំបន់នេះឱ្យបានស្អាត និងមានរបៀបរៀបរយ ជាពិសេសការធ្វើចរាចរនៅតាមដងផ្លូវមុខផ្សានេះកាត់បន្ថយការកកស្ទះបានយ៉ាងច្រើន។
លោកអភិបាលរងខេត្ដបានបន្តថា ការងាររៀបចំសណ្ឋាប់ធ្នាប់នេះអាជ្ញាធរក្រុង នឹងធ្វើជាប្រចាំ ហើយលោកក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការ ដើម្បីធ្វើឱ្យផ្សារមានសណ្ឋាប់ធ្នាប់ បរិស្ថាន អនាម័យស្អាត និងក្លាយជាផ្សារគំរូនៅក្នុងខេត្តសៀមរាប។
គួរម្លឹកថា មុនការសាងសង់ថ្មីនេះ ផ្សារដើមក្រឡាញ់ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ហើយចំពោះការសាងសង់ផ្សារថ្មីឡើងវិញនេះ រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផងដែរ គឺតម្រូវឱ្យមានលក្ខណៈក្នុងទម្រង់នៃច្បាប់បង្ការហានិភ័យផងដែរ៕