ក្រសួង គ្រោងស្នើឲ្យបង្កើតទីក្រុងសៀមរាបថ្មីមួយបន្ថែមទៀត ដើម្បីទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៧លាននាក់នៅឆ្នាំ២០៣៥

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ថ្លែងឱ្យដឹងថា ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​មកកាន់​ខេត្តសៀមរាប-អង្គរ​ឱ្យបាន​ប្រមាណ ៧លាន​នាក់ នៅ​ឆ្នាំ២០៣៥ លោក​គ្រោង​នឹង​ស្នើសុំ​ឲ្យ​បង្កើត​ទីក្រុង​សៀមរាប​ថ្មី​មួយទៀត ខណៈ​ទីក្រុង​សៀមរាប​បច្ចុប្បន្ន​មិនអាច​សាងសង់​សំណង់​ទំនើបខ្ពស់ៗបាន ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌។

លោក ថោង ខុន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រយៈពេល៩ខែ ឆ្នាំ២០២០ និង​ទិសដៅ​អនុវត្ត​បន្ត​នៅ​ត្រីមាស​ទី៤ ឆ្នាំ២០២០ នៅ​ថ្ងៃទី២៦ ខែតុលា​នេះ​ថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ត្រូវបាន​ដាក់​ឆ្លង​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរ​ណ៍ហើយ ក្នុងនោះ​ក្រសួងទេសចរណ៍​ក៏​កំពុង​រៀបចំ​កែសម្រួល​ឱ្យ​វា​ខ្លី​ជាង​មុន ដើម្បី​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​ពិនិត្យ និង​អនុ​ម​ត្តិ​នៅពេល​ខាងមុខ។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា គោលដៅ​ទេសចរណ៍​ថ្មី​ចំនួន ៤ ធំៗបន្ថែមទៀត​លើ​គោលដៅ​ទេសចរណ៍ ២ ដែលមាន​ស្រាប់ អាច​នឹង​ត្រូវបាន​បង្កើត​ឡើង ក្នុងនោះ​រួមមាន តំបន់​បឹង​ទន្លេសាប តំបន់ភ្នំ​គូលែន តំបន់​បន្ទាយស្រី និង​ទីក្រុង​សៀមរាប​ថ្មី។

លោក​បាន​បញ្ជាក់ថា ចំពោះ​ការបង្កើត​ទីក្រុង​សៀមរាប​ថ្មី​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​ទ្រទ្រង់​ដល់ទី​ក្រុង​សៀមរាប​បច្ចុប្បន្ន ដែល​មិនអាច​សាងសង់​សំណង់​ទំនើបខ្ពស់ៗ ឬ​សំណង់​ដែល​ប៉ះពាល់​ដល់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ចក្ខុវិស័យ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សន​ខេត្តសៀមរាប​ឱ្យបាន ៧ លាន​នាក់ នៅ​ឆ្នាំ២០៣៥ ដោយ​នឹង​ប​ង្កើ​ការងារ​ផ្ទាល់​ប្រមាណ ៩០ ម៉ឺន​នាក់ រួមជាមួយ​ការទទួលបាន​ប្រាក់ចំណូល​ប្រមាណ ៥ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​នោះ។ ដើម្បី​សម្រេច​ចក្ខុ​វិស័យនេះ ទីក្រុង​សៀមរាប​បច្ចុប្បន្ន​មិនអាច​ទ្រទ្រង់បាន​គ្រប់គ្រាន់​ឡើយ គឺ​ចាំបាច់​ត្រូវបង្កើត​ឱ្យមាន​ទីក្រុង​ថ្មី​មួយទៀត។

លោក​រដ្ឋមន្ត្រី ថោង ខុន ថា ទីក្រុង​ថ្មី​នេះ​ត្រូវតែ​រៀបចំ​ឱ្យ​ក្លាយជា​ទីក្រុង​វៃឆ្លាត (Smart City) ប៉ុន្តែ​ប្លង់គោល​ទីក្រុង​ទាំងមូល​អាច​នឹងត្រូវ​សិក្សា​រចនា​ឡើង​តាម​ទម្រង់​បុរាណ​ខ្មែរ។ ចំពោះ​ទីតាំង​ទីក្រុង​សៀមរាប​ថ្មី​នេះ ត្រូវបាន​លោក​រដ្ឋមន្ត្រី​បង្ហើប​ឱ្យដឹងថា គឺ​ត្រូវ​ស្ថិតនៅ​ក្រៅពី​តំបន់​ការពារ​របស់​អាជ្ញាធរ​ជាតិ​អ​ប្សា​រា៕