ក្រុមហ៊ុនអាកាសចរណ៍ Korean Air ចង់ទិញក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអាកាសចរណ៍ Korean Air ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាទិញក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines។ សម្ព័ន្ធ Hanjin ក្រុមហ៊ុនធំរបស់ Korean Air កំពុងចរចាជាមួយនឹងធនាគារអភិវឌ្ឍកូរ៉េ (KDB) ដែលជាម្ចាស់បំណុលដ៏ធំរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana ដើម្បីទិញយកក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងជួបការលំបាក។

ប្រភពនៅក្នុងវិស័យអាកាសចារណ៍នោះបានឱ្យដឹងពីប្រភពដែលខាងធនាគារអភិវឌ្ឍកូរ៉េ (KDB) ផ្ដល់ជំនួយដល់ក្រុមហ៊ុន Hanjin KAL ដែលកាន់កាប់សម្ព័ន្ធ Hanjin Group ក្នុងទម្រង់នៃការចូលរួមក្នុងការបង្កើនដើមទុនដើម្បីជួយសម្រួលដល់ការទិញភាគហ៊ុនរបស់ក្រុមហ៊ុន Asiana ចំនួន 30,77 ភាគរយនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Korean Air កំពុងធ្វើការគ្រប់គ្រងកុំឱ្យខ្លួនជំពាក់បំណុលក្នុងអំឡុងវិបត្តិកូវីដ 19 នេះ ដោយធ្វើការផ្លាស់ប្ដូរពីការប្រើយន្ដហោះសម្រាប់ដឹកអ្នកដំណើរទៅជាយន្តហោះដឹកអីវ៉ាន់វិញ។ ប៉ុន្តែ រចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះកាន់តែយ៉ាប់យ៉ឺន ធ្វើឱ្យសម្ព័ន្ធ Hanji Group ទាំងមូលធ្លាក់ចូលក្នុងវិបត្តិសាច់ប្រាក់។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines កំពុងស្ថិតក្រោមការគ្រប់គ្រងពីម្ចាស់បំណុលដែលដឹកនាំដោយ KDB បន្ទាប់ពីការប៉ុនប៉ងកាន់កាប់របស់ក្រុមហ៊ុន HDC Hyundai Industrial Development បរាជ័យ។

Korean Air គ្រោងដាក់លិខិតមួយច្បាប់ស្ដីពីការកាន់កាប់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines នៅដើមសប្ដាហ៍ក្រោយនេះ។ ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ វិធីសាស្ត្រនៃការទិញយកនឹងត្រូវបញ្ចប់នៅសប្ដាហ៍ក្រោយតាមរយៈការប្រជុំរបស់រដ្ឋមន្ត្រីទាក់ទងនឹងការពង្រឹងការប្រកួតប្រជែងផ្នែកឧស្សាហកម្ម។

សម្ព័ន្ធ Hanji Group និងម្ចាស់បំណុលមិនបានធ្វើការអត្ថាធិប្បាយលើបញ្ហានេះទេ៕

ប្រភព៖ Business Korea