G Gear ចាប់ដៃជាមួយ Panasonic ក្លាយខ្លួនជាក្រុមហ៊ុននាំចូល និងចែកចាយទូក្លាស្សេផ្ដាច់មុខនៅលើទីផ្សារកម្ពុជា

បន្ទាប់ពី​បាន​ដំណើរការ​អាជីវកម្ម​ដែល​ផ្តោត​សំខាន់​ទៅលើ​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​វៃឆ្លាត បែប​អេ​ឡិច​ត្រូ​និ​ច​

យ៉ាង​ជោគជ័យ​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ នៅត្រឹម​រសៀល​ថ្ងៃទី14 ខែមិថុនា ឆ្នាំ 2018 នៅ​សណ្ឋាគារ The Great Duke Phnom Penh ក្រុមហ៊ុន G Gear បានធ្វើការ​ប្រកាស​ជា​ផ្លូវការ​នូវ​ការសម្រេច​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ទូ​ក្លាស្សេ ភេសជ្ជៈ និង​អាហារ​កំប៉ុង ម៉ាក Panasonic នៅលើ​ទីផ្សារ​កម្ពុជា។

លោក​ឧកញ៉ា សុខ ពិសិដ្ឋ  បាន​មានប្រសាសន៍​នៅក្នុង​ឱកាសនោះ​ថា « យើង​ពិត​ជាមាន​ក្ដី​សោមនស្ស​ខ្លាំង​បំផុត ដែល​បានទទួល​សិទ្ធិ​នាំចូល​នូវ​ទូ​ក្លាស្សេ​ម៉ាក Panasonic Cold Chain ដ៏​ទំនើប​បំផុត សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​អតិថិជន​នៅ​កម្ពុជា។ ជាមួយនឹង​ការសម្រេច​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ទៅលើ​ផលិតផល​អេឡិចត្រូនិក​មួយ​នេះ លោក​មាន​ភាព​ជឿជាក់ថា នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ជាក់​ជាមិនខាន ព្រោះ Panasonic ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលាយ​ថា ជា​ម៉ាក​សញ្ញា​ផលិតផល​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី និង​គុណភាព​ខ្ពស់​ដែល​អាច​ជឿទុកចិត្ត​បាន ។

លោក​ឧកញ៉ា សុខ ពិសិដ្ឋ ក៏បាន​បញ្ជាក់​ផងដែរ​ថា កាលពីពេល​កន្លងទៅ នៅលើ​ទីផ្សារ​កម្ពុជា ក៏មាន​ទូ​ក្លាស្សេ​ម៉ាក Panasonic ចរាចរណ៍​ផងដែរ ប៉ុន្តែ​ទូ​ក្លាស្សេ​ទាំងនោះ​ភាគច្រើន​ជា​ផលិតផល​ខុសច្បាប់​ដែល​នាំចូល​មកពី​ប្រទេសជិតខាង និង​មិនមាន​ស្ដង់ដារ​គុណភាព​ត្រឹមត្រូវ​នោះទេ។ ដោយឡែក​សម្រាប់​ទូ​ក្លាស្សេ​ម៉ាក Panasonic Cold Chain ដែល​ក្រុមហ៊ុន G Gear បាន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នាពេលនេះ គឺមាន​ការឆ្លងកាត់​នូវ​ប្រព័ន្ធគ្រប់គ្រង​គុណភាព ប្រព័ន្ធ​ភ្លើង និង​ការគ្រប់គ្រង​កម្រិត​ត្រជាក់​យ៉ាង​ត្រឹមត្រូវ​ពី​សំណាក់​អ្នកជំនាញ​ប្រចាំ​ក្រុមហ៊ុន Panasonic តែម្ដង ។

លោក Maresuke Nagatoshi ក៏បាន​ថ្លែង​ផងដែរ​ថា ៖បច្ចុប្បន្នេះ ក្រុមហ៊ុន Panasonic កំពុងតែ​ធ្វើ​អាជីវកម្ម​លើ​ផលិតផល​ទូ​ក្លាស្សេ​នៅ​ទីផ្សារសំខាន់ៗចំនួន4តំបន់ រួមមាន​ប្រទេស ចិន ជប៉ុន អាមេរិក​ខាងជើង រួមជាមួយ​នឹង​បណ្តា​ប្រទេស​នានា​ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​យ៉ាងសកម្ម។ ដោយឡែក​សម្រាប់​ទីផ្សារ​នៅ​កម្ពុជា​នាពេលនេះ តាំង​តំណាងឱ្យ​ក្រុមហ៊ុន Panasonic ពិតជា​មាន​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន G Gear ដែលជា​ក្រុមហ៊ុន​មានឈ្មោះ​ល្បី និង​ឈានមុខ​គេ​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន Panasonic មាន​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​ជោគជ័យ​នៅលើ​កិច្ចសហការ​មួយ​នេះ។

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ មាន​ផលិតផល​ទូ​ក្លាស្សេ Panasonic Cold Chain ខុសច្បាប់​មួយចំនួន​កំពុង​តែមាន​សកម្មភាព​ចរាចរណ៍​នៅលើ​ទីផ្សារ​កម្ពុជា ក្រោម​ការនាំ​ចូល និង​ចែកចាយ​គេចពន្ធ ដែល​គេ​ដឹងថា ភាគច្រើន​នាំចូល​មកពី​ប្រទេស​ថៃ។ ពាក់​ពន្ធ​ទៅនឹង​ចំណុច​នេះ ក្រុមហ៊ុន G Gear សូម​ប្រកាសថា ចំពោះ​ផលិតផល​ដែល​ស្របច្បាប់ និង​មាន​គុណភាព​ខ្ពស់​ស្របតាម​ស្ដង់ដារ គឺមាន​លក់​តែ​នៅក្នុង​ក្រុមហ៊ុន G Gear តែប៉ុណ្ណោះ ៕