ទីផ្សារមៀនប៉ៃលិនខ្មែរ នឹងហក់ខ្លាំង​ បើរោងចក្រឡដ្ឋសម្ងួតតម្លៃជាង៣លានដុល្លារ ដាក់ដំណើរការ

មៀនប៉ៃលិន ឬគេនិយមហៅថា តាង៉ែន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទៅ មិនថាតែនៅក្នុងខេត្តប៉ៃលិននោះទេ ពោលនៅពេលនេះ កំពុងចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗជាច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា។ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋជាប់ចិត្តជាមួយផ្លែតាង៉ែននេះ គឺដោយសារតែរសជាតិឆ្ងាញ់ ផ្អែមជាប់មាត់ នៅពេលបានទទួលទានហើយ គឺចង់ទទួលទានទៀត។

ដោយសារតែមានការគាំទ្របែបនេះ ធ្វើឲ្យអ្នកវិនិយោគគិនមកពីក្រុមហ៊ុនចិន អ្នកវិនិយោគកម្ពុជា បានមកបណ្ដាក់ទុនវិនិយោគរួមគ្នា ប្រមាណជាង៣លានដុល្លារអាមេរិក សាងសង់ឡដ្ឋសម្ងួតផ្លែមៀនប៉ៃលិនមួយ នៅខេត្តដែលមានប្រវត្តិជួរចត់ ដោយសារភ្លើងសង្គ្រាមមួយនេះ។ ហើយរហូតមកដល់ពេលបច្ចុប្បន្នឡដ្ឋសម្ងួតនេះ បានសាងសង់រួចជាស្ថាពរផងដែរ ដើម្បីចែកចាយផ្លែមៀនប៉ៃលិននេះ នៅក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលរៀបចំ និងដឹកនាំឡើងដោយអង្គការ Gret ទៅកាន់ ទឹកដីខេត្តប៉ៃលិន ដើម្បីស្វែងយល់សង្វាក់ផលិតកម្ម​ដំណាំ មៀន ប៉ៃលិន កាលពីចុងសប្តាហ៍កន្លងទៅ។

នាឪកាសនោះ លោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀន ប៉ៃលិន ទួលបន្ទុកផ្នែកបច្ចេកទេស និងទីផ្សារ បានថ្លែងអោយដឹងថា​ ឡដ្ឋសម្ងួតផ្លែមៀនប៉ៃលិន តម្លៃជាង៣លានដុល្លា ដើម្បីត្រៀមនាំចេញទៅចិន បានសង់រួចជាស្ថាពរនៅក្នុងឆ្នាំ២០១៩។លោកថា ឡដ្ឋសម្ងួតផ្លែមៀនប៉ៃលិននេះ មានទាំងអស់៤​ឡដ្ឋ ដែលក្នុង១ឡដ្ឋ អាចសម្ងួតផ្លែមៀនប៉ៃលិនប្រមាណ៩តោន ដោយប្រើប្រាស់ពេលប្រមាណ៧៤ នាទី។

ក្រៅពីអាចស្តុកទុកផលផ្លែមៀនក្នុងបរិមាណ៣ពាន់តោនហើយនោះ ប្រឹក្សាសហគមន៍មៀន ប៉ៃលិនរូបនេះ ក៏បានអះអាងថា រោងចក្រនេះ មិនត្រឹមតែជាឡដ្ឋសម្ងួត និងសម្លាប់មេរោគផ្លែមៀនប៉ៃលិន ប៉ុណ្ណោះទេ វាក៏ជាកន្លែងដែលអាចកែឆ្នៃសាច់ផ្លែមៀនសម្រាប់នាំចេញថែមទៀតផង។

ក្រៅពីអាចសម្ងួត សម្លាប់មេរោគ និងកែឆ្នៃសាច់ផ្លែមៀននៅក្នុងខេត្តប៉ៃលិនហើយនោះ រោងចក្រឡដ្ឋសម្ងួតនេះ ក៏មានការស្រួបទាញផ្លែឈើប្រភេទនេះ មកពីខាងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោតិ៍សាត់ ផងដែរ ដើម្បីបម្រើឲ្យការផ្គត់ផ្គង់នៅក្នុងរោងចករនេះ។នេះបើតាមការថ្លែងបញ្ជាក់ពីលោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀន ប៉ៃលិន។

ដោយឡែក ចំពោះសំណួរថា តើការគ្រោងនាំផ្លែមៀនប៉ៃលិនទៅប្រទេសចិននេះ មានចំនួនប៉ុន្មានក្នុងមួយឆ្នាំ? ហើយថាតើអាចដំណើរការនាំចេញនៅពេលណា? លោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀន ប៉ៃលិន ទួលបន្ទុកផ្នែកបច្ចេកទេស និងទីផ្សារ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះកម្ពុជាចិន មិនទាន់បានចុះកិច្ចព្រមព្រៀងលើការបញ្ជាទិញនេះនោះឡើយ ប៉ុន្ដែលោកគ្រាន់តែបង្ហើបថា កម្រិតនៃការនាំចេញទៅប្រទេសចិននេះ នឹងហក់ឡើងខ្ពស់ជាងការនាំចេញទៅប្រទេសថៃ នាពេលបច្ចុប្បន្ន ឬទីផ្សារក្នុងស្រុក។

ពាក់ព័ន្ធដំណាំបែបឧស្សាហកម្មមៀនប៉ៃលិននេះដែរ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដប៉ៃលិន បានអោយដឹងដែរថា បច្ចុប្បន្ន​ខេត្តប៉ៃលិន​មានដំណាំ ០៤ ប្រភេទ​ដែលកំពុង​មានសក្តានុពល​ខ្ពស់​ក្នុងការដាំដុះ និងនាំចេញ រួមមាន មៀនប៉ៃលិន ស្វាយកែវរមៀត​ ដំណាំ​ដំឡូងមី និងពោតក្រហម។ ខណៈបច្ចុប្បន្នផ្ទៃដីដាំ​មៀន​ប៉ៃលិន មានទំហំ ជាង ៤ពាន់​ហិកតា(៤៣៨៩ហិកតា)។

យ៉ាងណា លោកក៏បានបង្ហាញក្តីរំពឹងទុកថា ប្រសិនបើរោងចក្រឡដ្ឋសម្ងួតផ្លែមៀនប៉ៃលិនដាក់អោយ​ដំណើរ​ការ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងលើការបញ្ជាទិញរវាងកម្ពុជា និងចិនហើយនោះ ផ្លែមៀនប៉ៃលិននឹងកាន់ល្បីឈ្មោះលើទីផ្សារអន្តរជាតិ។

គួរជម្រាប់ផងដែរថា បើតាមតំណាងសហគមន៍មៀន ប៉ៃលិន បានអះអាងថា សម្រាប់ឆ្នាំ២០២០នេះ តំលៃមៀនប៉ៃលិន មានទីផ្សារ ល្អ និងមានតម្លៃខ្ពស់ជាងមុន ដោយក្នុង១គីឡូក្រាម បានរហូតដល់៤០០០រៀល។ តម្លៃនេះ គឺហក់ខ្ពស់ជាងឆ្នាំមុន ដែលឆ្នាំកន្លងទៅបានត្រឹមតែ១គីឡូក្រាម២៥០០ រៀលទៅ៣០០០រៀលតែប៉ុណ្ណោះ។ ប៉ុន្តែការនាំចេញហាក់នៅមានកម្រិត ដោយទិន្នផលប្រមូលបាន ប្រមាណជាជាង២៥០០០តោន ធ្វើការនាំចេញបានតែ ៨០០០តោនប៉ុណ្ណោះ ខណៈការនាំចេញបានតែ ៨០០០តោននេះ ធ្វើឡើងតាមរយៈប្រទេសថៃផងដែរ៕