
ខេត្តស្ទឹងត្រែង៖ ទំនប់វារីអគ្គីសនីដ៏ថ្មីសន្លាងរបស់កម្ពុជា ដែលវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក រួមជាមួយក្រុមហ៊ុនចិន និងវៀតណាម គ្រោងនឹងបើកសម្ពោធដំណើរការជាផ្លូវការនៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ ២០១៨នេះ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទំនប់វារីអគ្គីសនី សេសានក្រោម២ ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៤០០ មេហ្កាវ៉ាត់ គឺជាគម្រោងវារីអគ្គីសនីដ៏ធំបំផុតរបស់កម្ពុជា បើគិតមកដល់បច្ចុប្បន្ននេះ។ ទន្ទឹមគ្នានេះ ទំនប់វារីអគ្គីសនី ដែលមានប្រវែង ៦,៥គីឡូម៉ែតនេះ ក៏ជាទំនប់ដ៏វែងបំផុតក្នុងទ្វីបអាស៊ីផងដែរ។
គម្រោងនេះ គឺជាគម្រោងរួមគ្នារវាងក្រុមហ៊ុនរបស់កម្ពុជាគឺ រូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង រួមជាមួយក្រុមហ៊ុន ហួរនឹង ហាយដ្រូឡានឆាង អ៊ីនធើណាសិនណល អ៊ែនើជី (Huaneng Hydrolancang International Energy) របស់ចិន និងក្រុមហ៊ុន EVN International Joint Stock Company របស់វៀតណាម។
សព្វថ្ងៃវារីអគ្គិសនីសេសានក្រោមពីរ កំពុងដំណើរការតួប៊ីនទី ១ ដែលមានអនុភាព ៥០មេហ្គាវ៉ាត់រួចជាស្រេចហើយ ក្នុងចំណោមតួប៊ីនទាំងអស់ចំនួន ៨របស់ខ្លួន។ មន្ត្រីជំនាញរំពឹងថា វារីអគ្គីសនីនេះ នឹងជួយរួមចំណែកធ្វើឲ្យកម្ពុជា មានឯករាជ្យភាពលើវិស័យថាមពលអគ្គិសនី និងកាត់បន្ថយការនាំចូល និងធ្វើឲ្យតម្លៃ អគ្គិសនីថយចុះផងដែរ។
ទំនប់វារីអគ្គិសនីនេះ នឹងអាចផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារប្រជាពលរដ្ឋតាមបណ្តោយបណ្តាញបញ្ជូន ភ្នំពេញ-កំពង់ចាម-ក្រចេះ-ស្ទឹងត្រែង ព្រមទាំងខេត្តមណ្ឌលគិរី និងរតនៈគិរី។
យោងតាមរបាយការណ៍ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្នុងវិស័យថាមពលអគ្គិសនីគិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានអនុភាព ផ្គត់ផ្គង់អគ្គិសនីសរុប ២២៨២,៣មេហ្គាវ៉ាត់ ពោលគឺមានកំណើន ៦៨ភាគរយ ធៀបនឹងឆ្នាំ២០១៤ ។ ខណៈសមត្ថភាពផលិតថាមពលអគ្គិសនីកម្ពុជា មានអនុភាពសរុបក្នុងស្រុកឆ្នាំ ២០១៧ មានចំនួន ១៨៥៨មេហ្កាវ៉ាត់ និង នាំចូលថាមពលអគ្គិ សនីពីក្រៅប្រមាណ ៤២៤,៣មេហ្គាវ៉ាត់៕
ដោយ៖ ហៃ សិរី