
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក គង់ វិបុល បានបញ្ជាក់ថា នៅរយៈពេល១១ ខែឆ្នាំ២០១៨នេះ អង្គភាពខ្លួនបានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន៨,២២២.៨៧ប៊ីលានរៀល ដែលស្មើប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិកត្រូវនឹង១០៦.៨៨% នៃផែនការ។
ការបង្ហាញនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៥០.០២ ប៊ីលានរៀល ស្មើប្រមាណជាង១៨៧.៥០លានដុល្លារអាមេរិក។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សរុបក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសរុបចំនួន ៨,២២២.៨៧ប៊ីលានរៀល (ប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក) ស្មើនឹង១០៦.៨៨% នៃផែនការ ដែលក្នុងនោះទំហំចំណូលលើសផែនការមានចំនួន ៥២៩.៣៧ប៊ីលានរៀល (ប្រមាណជា ១៣២,៣៣ លានដុល្លារអាមេរិក)។ ប្រសិនបើប្រៀបធៀបនឹងឆ្នាំ ២០១៧ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០១៨ មានការកើនឡើងចំនួន ៩១២.៣៦ ប៊ីលានរៀល (ប្រមាណជា ២២៨.០៩លានដុល្លារអាមេរិក) ស្មើនឹង ១២.៤៨%»។
ក្នុងឱកាសនោះ លោក គង់ វិបុល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ៕
ដោយ៖ ហៃ សិរី