ទឹកធ្លាក់៧ជាន់ ឬ​ទឹកធ្លាក់​ជ្រាវ​ត្រូវ​នឹងរៀបចំ​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ថ្មី​មួយ​នៅ​ស្រុក​ថ្ពង

ខេត្តកំពង់ស្ពឺ: មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ជាមួយនឹង​អាជ្ញាធរ​ស្រុក​ថ្ពង​គ្រោង​នឹង​រៀបចំ​បង្កើត​តំបន់​រមណីយដ្ឋាន​អេកូ​ទេ​សចរណ៍​ទឹកធ្លាក់៧ជាន់ ឬ​ទឹកធ្លាក់​ជ្រាវ​ក្នុងពេល​ខាងមុខនេះ ដើម្បី​ដាក់​បង្ហាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​​ខេត្តកំពង់ស្ពឺ។ នេះ​បើតាម​លោក សុខ ភា អភិបាលរង​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។

លោក សុខ ភា បាន​ប្រាប់ថា សមិទ្ធផល​បែប​វប្បធម៌​ធម្មជាតិ​រួមមាន៖ត្រពាំង​បឹង​តេ ទឹកធ្លាក់​ជាច្រើន​ដំណាក់ ល្អាង​ថ្ម​ធំៗ ប្រភព​ព្រៃឈើ​មាន​វ័យ​ចំណាស់​ជាដើម។ ជា​សមិទ្ធផល​ទេសចរណ៍​ដែល​ខេត្តកំពង់ស្ពឺ​មាន ដូចនេះ​ត្រូវតែ​រួមគ្នា​ថែរ​ក្សា​និង​អភិរក្ស​ទុក ព្រោះនេះ​ជា​ធនធាន​សម្បត្តិ​ធម្មជាតិ​នៅ​សេសសល់​ចុងក្រោយ​ក្នុង​ខេត្តកំពង់ស្ពឺ។

លោក​បន្តថា សក្តានុពល​បែប​វប្បធម៌​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​បៀ​ប​ចំ​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ ដើម្បី​​ជួយ​បង្វែរ​អ្នកស្រុក​នៅ​តំបន់​នេះ​ឱ្យ​ងាក​មក​លក់ដូរ​ចំណីអាហារ វត្ថុ​អនុស្សារ​វី​យ៍​ជូន​ភ្ញៀវទេសចរ​វិញ ចៀសវាង​ចូល​​ព្រៃ​កាប់​ឈើ បរបាញ់​សត្វព្រៃ។ នៅពេល​អនាគត​តំបន់​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​រៀបចំ​ជា​កន្លែង​ផលិតផល​ទាក់​ទាញ​​ភ្ញៀវទេសចរ​មួយ​ថ្មី​ឱ្យ​ក្លាយទៅជា​រមណីយដ្ឋាន​បែប​វប្បធម៌​ធម្មជាតិ​និង​ប្រវត្តិសាស្ត្រ។

លោក ជាម ឈួន សមាជិកសមាគម​នៅ​ភូមិ​តាំង​សំរោង ឃុំ​អម​លាំង បាន​គាំទ្រ​ចំពោះ​ការដាក់​តំបន់​ទឹកធ្លាក់​ជ្រាវ​ជា​តំ​បន់​អេកូ​ទេសចរណ៍ ព្រោះ​ប្រជាពលរដ្ឋ​យើង​ក៏​ចង់ឱ្យមាន​ការអភិវឌ្ឍ​ដែរ ដើម្បី​ធ្វើឱ្យ​ភូមិ ឃុំ មាន​តំបន់​អេកូ​ទេសចរណ៍ មាន​ភ្ញៀវទេសចរ​មកលេង​ច្រើន​អ៊ូរ អរ ម្យ៉ាងទៀត​ដីព្រៃ​ដែល​យើង​អភិរក្ស និង​អាចឱ្យក្មេងៗជំនាន់​ក្រោយ​បាន​ស្គាល់​ថា ជាដើម​ឈើទាល ស្រឡៅ នាងនួន ដើម​បេង​ជាដើម។ បើសិនជា​យើង​មិនបាន​ថែរក្សា​ទេ ព្រៃឈើ​នឹង​អស់ ហើយ​ក្មេង​ៗ​ជំនាន់​ក្រោយ​មិនបាន​ស្គាល់​ព្រៃឈើ​នោះ​ផងដែរ​ទេ។

គួរ​បញ្ជាក់ថា ទឹកធ្លាក់៧ដំណាក់​មានព្រៃ​ប្រឹក្សា​បៃតងខ្ចី និង​សំឡេង​សត្វ​យំ​ប្រគុំ​ជាត​ន្ត្រី​ធម្មជាតិ លាយឡំ​សូរ​ទឹក​ហូរ​ឈូ​ៗ ឥតឈប់ឈរ គឺជា​ភាព​ទាក់ទាញ​បែប​ធម្មជាតិ​នៃ​ទឹកធ្លាក់​ជ្រាវ ដែលមាន​ចម្ងាយ​ប្រមាណ ៦០គីឡូម៉ែត្រ ពី​ក្រុង​ច្បារ​មន ទី​រួម​ខេត្តកំពង់ស្ពឺ។

ទឹកធ្លាក់​ជ្រាវ​ស្ថិតនៅ​ក្នុងភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​ទឹកធ្លាក់​ជម្រាល​ច្រើន​ដំណាក់ អំ​ណោ​យ​ផល​ដល់​ការ​ងូតទឹក​លេង​កម្សាន្ត​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។ ជាទី​កម្សាន្ត​គាប់ចិត្ត​របស់​ភ្ញៀវទេសចរ​ដែល​ប្រាថ្នា​ដើរ​កម្សាន្ត​បែប​ធម្មជាតិ៕