ធនាគារ​ADB ផ្តល់​កម្ចី ៧០លាន​ដុល្លារ សម្រាប់​កែលម្អ​កំណាត់​ផ្លូវជាតិ​លេខ១ និង​លេខ៦

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB បានសម្រេច​ផ្តល់​កម្ចី​ប្រមាណ ៧០លាន​ដុល្លារ​អាមេរិក​សម្រាប់​កែ​លម្អ និង​លើកកម្ពស់​កំណាត់​ផ្លូវជាតិ​លេខ១ និង​លេខ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ។

ពិធី​ចុះហត្ថលេខា​ផ្តល់ និង​ទទួល​កម្ចី​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​មកពី​ធនាគារ ADB។

តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ថវិកា​នេះ​នឹងត្រូវ​យកទៅ​ប្រើប្រាស់​សម្រាប់​លើក​កម្រិត​ផ្លូវជាតិ​លេខ១ ចន្លោះ​​ពី​អ្នក​លឿង​ទៅ​បាវិត (គីឡូម៉ែត្រ​លេខ ៦៣+៣០០ ដល់ គីឡូម៉ែត្រ​លេខ ១៥៩+០០០) ពី​កម្រាល​កៅស៊ូ DBST នាពេល​បច្ចុប្បន្ន​ទៅជា​កម្រាល​កៅស៊ូ AC និង​ជួសជុល​ផ្លូវជាតិ​លេខ៦ ចន្លោះ​ពី​ក្រុង​សៀមរាប ទៅ​ក្រឡាញ់ (គីឡូ​ម៉ែត្រ​លេខ៣១៧+៦៣០ ដល់​គីឡូម៉ែត្រ​លេខ៣៦៧+៥១២) ដែល​បច្ចុប្បន្ន​មាន​កម្រាល​កៅស៊ូ AC ស្រាប់​ហើយ​​នោះ នឹងត្រូវ​សាងសង់​លូ​សងខាង​ផ្លូវ ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ថែមថា កំណាត់​ផ្លូវ​ទាំងពីរ​នេះ នឹងធ្វើ​ការលើក​កម្រិត​ដោយ​ការងារ​ស្ថាបនា​ក្រាល​កៅ​ស៊ូ AC រយៈពេល ១៨ខែ ហើយ​បន្ត​ថែទាំ​រយៈពេល ៣៦ខែ សរុប​ប្រើពេល ៥៤ខែ ដែល​នឹង​ចាប់ផ្តើម​ការដ្ឋាន​ពី​ខែ​មករា ឆ្នាំ២០១៩ ដល់​ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

តាមរយៈ​ថវិកា​កម្ចី​នេះ ក៏​នឹងមាន​ការស្ថាបនា​មន្ទីរ​ពិសោធន៍​សម្ភារៈ​សំណង់​ចំនួន៤កន្លែង នៅ​ខេត្តក្រចេះ កំពត សៀម​រាប និង​ពោធិ៍សាត់ ដើម្បី​បង្កលក្ខណៈ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​ការស្ថាបនា​ផ្លូវថ្នល់​ឲ្យ​កាន់តែ​មានគុណ​ភាពរឹងមាំ​ល្អ៕

ហៃ សិរី