រដ្ឋបាល​ជលផល​បានប្រកាសថា រដូវ​ធ្វើ​ប្រហុក ផ្អក ចូលមក​ដល់​ហើយ

ភ្នំពេញ: បន្ទាប់ពី​មាន​សេចក្តីជូនដំណឹង​ស្តីពី​រដូវ​ធ្វើ​ប្រហុក ផ្អក របស់​រដ្ឋបាល​ជលផល រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី១៣ ធ្នូ​នេះ បាន​ចុះ​ពិនិត្យ​ការប្រមូល​ផល​ត្រី​នៅ​រដូវ​នេសាទ​ឆ្នាំ២០១៨ របស់​ប្រជា​នេសាទ​នៅ​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញា​ឭ ខេត្តកណ្តាល។

តាម​សេចក្តីជូនដំណឹង​ស្តីពី​រដូវ​ធ្វើ​ប្រហុក ផ្អក របស់​រដ្ឋបាល​ជលផល​កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បាន​ជម្រាបជូន​ប្រជា​នេសាទ​ថា ឆ្នាំនេះ​កំពស់​ទឹកទន្លេ​សាប​ស្រក​ចុះ​លឿន​ជាង​ឆ្នាំកន្លងមក ជាហេតុ​ធ្វើ​ឲ្យ​ដាយ​នៅតាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​អាច​នេសាទ​ត្រី​បាន​ក្នុង​ខែ​មិគសិរ​ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី២០ខែធ្នូ។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​នៅ​ទីជិត ឆ្ងាយ​អញ្ជើញ​មក​ធ្វើ​ប្រហុក ផ្អក​ទុក​បរិភោគ​ក្នុង​គ្រួសារ។

បន្ទាប់ពី​បាន​ពិនិត្យ​ការប្រមូល​ផល​ត្រី​រួចមក លោក​រដ្ឋមន្ត្រី និង​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​សហការី​បាន​បន្តដំណើរ​ទៅពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោ​របស់លោក ឡោ ស្រៀ​ង នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​ចិញ្ចឹម​លើ​ផ្ទៃ​ប្រមាណ៤ ហិកតា។ កសិដ្ឋាន​នេះ​ដំណើរការបាន ៣ឆ្នាំ​ហើយ មានលទ្ធភាព​ផ្គត់ផ្គង់​ត្រី​ឆ្តោ​ទៅ​ទីផ្សារ​ប្រមាណ​ជា ៥០០តោន​ក្នុង១ឆ្នាំ។

សូមបញ្ជាក់ថា តាំងពី​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​ឆ្តោ​ឡើងវិញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ពិនិត្យឃើញថា ការចិញ្ចឹម​ត្រី​ឆ្តោ​កំពុងតែ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​រហូតដល់​ជាង ៦០ពាន់​តោន​ក្នុង​ឆ្នាំ២០១៨នេះ។ បរិមាណ​នេះ​បាន​ចូលរួមចំណែក​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​កាត់​បន្ថយ​​ការចាប់​ត្រី​ពី​ប្រភព​ធម្មជាតិ លើកកម្ពស់​ផលិតភាព​វារីវប្បកម្ម និង​បង្កើន​ប្រាក់ចំណូល។

នាឱកាស​នេះ លោក​រដ្ឋមន្ត្រី និង​ឯកអគ្គរដ្ឋទូត​បានរួម​គ្នា​ប្រកាស​ជា​ផ្លូវការ​ស្តីពី​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ស​ហ​គមន៍​អឺរ៉ុប​ដែលមាន​ទឹកប្រាក់​សរុប ៨៧លាន​អឺរ៉ូ ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ក្នុងពេលឆាប់ៗនេះ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន CAPFISH-Capture។

មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ខែវិច្ឆិកា​កន្លងទៅ ក៏មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រាង​ហិរញ្ញប្បទាន​ប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ដែល​ក្នុងនោះ​មួយ​មាន​ចំនួន​ទឹកប្រាក់ ២៥ លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ជំរុញ​វិស័យ​ជន​ផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន សំដៅ​ដល់​ការអភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម ទាំង​ទឹកសាប និង​សមុទ្រ៕