ឆ្នាំ 2019 រដ្ឋបន្ដ ដំឡើងអត្រាពន្ធនាំចូលរថយន្តមួយទឹកមួយកម្រិតទៀត

កាលពី​ឆ្នាំ 2018 រដ្ឋាភិបាល​កម្ពុជា បានធ្វើ​ការដំឡើង​អត្រាពន្ធ​នាំចូល​រថយន្ត​មួយ​ទឹក​ម្ដង​ហើយ ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​បាន​ហក់​ឡើងថ្លៃភ្លាមៗពី​តម្លៃ​ចាស់ ហើយថ្មីៗនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រេច​ជា​ម្ដង​ដោយ​ធ្វើការ ដំឡើង​នេះ​នាំចូល​ម្ដងទៀត។

ព័ត៌មាន​ស្ដីពី​ការដំឡើង​អត្រាពន្ធ​នេះ ត្រូវបាន​ឃ្លាំង​លក់ និង​ទិញ​រថយន្ត អ៊ែ168 R168 Automobile Dealer បង្ហោះ​តាមរយៈ Facebook Page ថា៖ រថយន្ត​មួយ​ទឹក​ខ្លះ​នឹង​ឡើងថ្លៃ​កប់​ទៀតហើយ ដោយ​រថយន្ត​ខ្លះ​នឹង​ដាច់​ពូជ លែង​ហ៊ាន​នាំចូល​ដូច​អា​ឆ្លាម នៅ​ដើមឆ្នាំ 2019 នេះ ដោយសារ​ការដំឡើង​ពន្ធ​នាំចូល”។

សេចក្ដីសម្រេច​នេះ បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ដោយ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការដំឡើង​ពន្ធ​នាំចូល​រថយន្ត​មួយ​ទឹកនឹង​ឡើងថ្លៃ​បន្តទៀត​នៅ​ដើមឆ្នាំ 2019 ខាងមុខនេះ។

ឃ្លាំង​លក់ និង​ទិញ​រថយន្ត សរសេរ​បន្តទៀតថា អត្រាពន្ធ​ឡើង​បែបនេះ នឹងធ្វើ​ឲ្យ​រថយន្ត​មួយចំនួន​ដូចជា៖

  1. រថយន្ត LEXUS RX300 ចាប់ពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2003 (ឡើង​ប្រហែល 4700$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 11600$ នោះ​នឹងត្រូវ​ឡើង​បង់​រហូតដល់ 16300$។ ហើយ​រថយន្ត​ប្រភេទ​នេះ អាច​ដែល​ប្រឈមមុខ​ការឈប់​នាំចូល​ព្រោះ​សរុប​ថ្លៃ​ដឹក​ថ្លៃ​រថយន្ត និង​សេវាផ្សេងៗ រថយន្ត​មួយ​ថ្លៃដើម​លើសពី 20000$-25000$ !
  2. រថយន្ត TOYOTA HIGHLANDER V6 ចាប់ពី​ឆ្នាំ 2001ដល់​ឆ្នាំ 2003 (ឡើង​ប្រហែល 4700$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 11600$ នោះ​នឹងត្រូវ​ឡើង​បង់​រហូតដល់ 16300$។ ហើយ​រថយន្ត​ប្រភេទ​នេះ អាច​ដែល​ប្រឈមមុខ​ការឈប់​នាំចូល​ដូចគ្នា ព្រោះ​សរុប​ថ្លៃ​ដឹក ថ្លៃ​រថយន្ត និង​សេវាផ្សេងៗ រថយន្ត​មួយ​ថ្លៃដើម​លើសពី 20000$-25000$ !
  3. រថយន្ត LEXUS RX330 ឆ្នាំ 2004  (ឡើង​ប្រហែល 6400$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 17400$ នោះ​នឹងត្រូវ​បង់​រហូតដល់ 23800$ ។ សរុប​ថ្លៃ​ដឹក​ថ្លៃ​រថយន្ត និង​សេវាផ្សេងៗ រថយន្ត​មួយ​ថ្លៃដើម​លើសពី 30000$-40000$ !
  4. រថយន្ត TOYOTA CAMRY ចាប់ពី​ឆ្នាំ 2002 ដល់​ឆ្នាំ 2004 (ឡើង​ប្រហែល4000$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 9100$ នោះ​នឹងត្រូវ​ឡើង​បង់​រហូតដល់ 13000$ ។ ជា​ប្រភេទ​ដែល​ប្រឈមមុខ​នឹង​ដាច់​ពូជ ! ព្រោះ​សរុប​ថ្លៃ​ដឹក​ថ្លៃ​រថយន្ត និង​សេវាផ្សេងៗ រថយន្ត​មួយ​ថ្លៃដើម​លើសពី 19000$-22000$ !

សម្រាប់​តារាង​បង់ពន្ធ​នេះ អាច​មានន័យថា​ប្រភេទ​រថយន្ត​មួយចំនួន​ដែលមាន​ឆ្នាំ​ផលិត​ក្រោម​ឆ្នាំ 2006 នឹងត្រូវ​គិត​ពន្ធ​ស្មើ​ឆ្នាំ 2006 ទាំងអស់។ ការ​ប្រែប្រួល​អត្រា​​ពន្ធ​អាករ​​នេះ​ អាច​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​​លក់​តាម​ហាង​ ​និង​ក្រុមហ៊ុន​មាន​ការ​កើន​ឡើង​ ​ប៉ុន្តែ​​ហាង​មួយ​ចំនួន​​អាច​នៅ​រក្សា​តម្លៃ​ដូច​មុន​ ​ព្រោះ​ជា​ទំនិញ​ទិញ​ចូល​មុន​ការ​កំណត់​អាករ​ថ្មី​ ​ខណៈ​រថយន្ត​នាំ​ចូល​ក្រោយ​ខែ​មករា​​ឆ្នាំ 2019​ ​គឺ​តម្លៃ​ថ្លៃ​ជាង​មុន៕