សភាពាណិជ្ជកម្មអឺរ៉ុបត្រៀមធ្វើពិព័រណ៍រយៈពេល ៣ ថ្ងៃ ដើម្បីបង្ហាញលក្ខណៈដ៏ល្អប្រពៃនៃអឺរ៉ុបនៅកម្ពុជា!

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានត្រៀមធ្វើកម្មវិធីពិព័រណ៍អឺរ៉ុបមួយមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អគារ K

និង L ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញលក្ខណៈដ៏ល្អប្រពៃនៃអឺរ៉ុបនៅកម្ពុជា។

តាមរយៈពិព័រណ៍នេះ លោកអ្នកអាចចូលទស្សនាពិព័រណ៍នេះដោយសេរី ទាំងអ្នកអាជីពដែលចង់ស្វែងរកដៃគូអាជីវកម្ម ឬផលិតផលល្អៗ ទាំងក្រុមគ្រួសារដែលចង់ដើរកម្សាន្តជាមួយគ្នា។ លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានថ្លែងថា៖ វាជាកិត្តិយសដ៏ធំធេងមួយសម្រាប់យើងក្នុងការរៀបចំពិព័រណ៍អឺរ៉ុប (EuroFair) ដំបូងគេបង្អស់មួយនេះនៅប្រទេសកម្ពុជា ។ នេះជាពិព័រណ៍ពាណិជ្ជកម្មលើកទីមួយដែលដាក់តាំងផលិតផលល្បីៗនិងសេវាកម្មល្អៗមកពីអឺរ៉ុប ជូនអ្នកប្រើប្រាស់ និងសហគ្រិនខ្មែរឱ្យបានស្គាល់។ ព្រឹត្តិការណ៍ដូចជា ពិព័រណ៍អឺរ៉ុប (EuroFair) នេះ ពិតជាជួយបង្កើតចំណងដ៏ល្អរវាង អឺរ៉ុបនិងកម្ពុជា ហើយក៏ផ្តល់នូវឱកាសពិសេសដើម្បីរៀនសូត្រ កសាងទំនាក់ទំនង និងពង្រីកខ្សែបណ្ដាញ បង្កើតមិត្តភក្តិ ស្គាល់អតិថិជន និងកសាងដៃគូអាជីវកម្មផងដែរ។ ពិព័រណ៍អឺរ៉ុប (EuroFair) នឹងក្លាយជាព្រឹត្តិការណ៍ និងពិព័រណ៍ដំបូងគេនៅប្រទេស​កម្ពុជា ជួយជម្រុញបណ្ដូរពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុប។

 

រហូតមកដល់ពេលនេះ មានប្រមាណជា៤០ ក្រុមហ៊ុន មកពីអឺរ៉ុបបានចុះឈ្មោះចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួន ហើយយើងសង្ឃឹមថា មានក្រុមហ៊ុនផ្សេងទៀតនឹងមកចូលរួមផងដែរ។  ក្រុមហ៊ុនដែលបានចុះឈ្មោះហើយ នឹងតាំងផលិតផលយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតផលជាច្រើនមុខផ្សេងទៀត។ ម៉ាកល្បីៗ ជាច្រើនដូចជា BMW, Bosch, Eurasia Concept, Daas & Chemicals, Mercedes, Porsche, Thalias, Hops និង Wuerth ក៏មានវត្តមានដែរ ជាមួយនឹងការផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃពិសេសៗ និងសកម្មភាពកម្សាន្តជាច្រើន ជូនអ្នកចូលរួមទស្សនា។ ទីតាំងអាហារដ្ឋានមួយនឹងត្រូវរៀបចំឡើងដើម្បីផ្តល់អាហារនិងភេសជ្ជៈបែបអឺរ៉ុបឆ្ងាញ់ពិសារជូនអ្នកទស្សនាផងដែរ។

លោក Aurelio Flacco ប្រធានរបស់សភាពាណិជ្ជកម្មអ៊ីតាលី ទើបត្រូវបានបង្កើតថ្មី និងជាសមាជិកសភា​ពាណិជ្ជ​កម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា៖ នេះគឺជាលើកទីមួយហើយសម្រាប់កម្ពុជា និងជាឱកាសដ៏អស្ចារ្យមួយសម្រាប់សហគមន៍ធុរកិច្ចក្នុងស្រុក ដែលអាចស្វែងយល់បន្ថែមអំពីគុណភាពនៃទំនិញ និង សេវាកម្មដែលក្រុមហ៊ុនអឺរ៉ុបយកមកបង្ហាញជូន។ លោកបានបន្តថា៖ យើងនាំផលិតផលអ៊ីតាលីដ៏ល្អបំផុតដូចជា គ្រឿងសង្ហារឹម និង ផលិតផលប្រណីតៗ សម្រាប់តុបតែងក្នុងគេហដ្ឋានមានគុណភាពខ្ពស់ ដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា ដើម្បីផ្គត់ផ្គង់វិស័យសំណង់ដែលកំពុងរីកលូតលាស់។ ដើម្បីឈជើងជាអ្នកអភិវឌ្ឍន៍ ឬជាអ្នកសាងសង់ផ្ទះ លោកអ្នកត្រូវប្រឹងប្រែងក្នុងការទាក់ទាញអតិថិជន។ ម៉ាករបស់អឺរ៉ុបត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់តាំងពីយូរមកហើយ នេះគឺជាអ្វីដែលយើងនឹងបង្ហាញជូនក្នុងពិព័រណ៍នេះ។

កម្មវិធីនេះនឹងបើកឱ្យមហាជនចូលទស្សនាដោយសេរី។ ពិធីសម្ភោធបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែមិថុនា វេលាម៉ោង៩ព្រឹក នៅកោះពេជ្រ អគារ K និង L។ នៅក្នុងរយៈពេលបីថ្ងៃនេះ កម្មវិធីកសាងទំនាក់ទំនងនឹងត្រូវរៀបចំឡើង ដោយមានការចូលរួមពីសំណាក់សហគមន៍ធុរកិច្ចខ្មែរ ព្រមទាំងបើកជូនអ្នកដែលចាប់អារម្មណ៍ចង់ជួបអ្នកដែលអាចក្លាយជាដៃគូធុរកិច្ច ឬមិត្តភក្តិ៕